ប៉ូឡូញបណ្តេញអ្នកការទូតរុស្ស៊ី ៤៥នាក់ចេញពីប្រទេស ដោយចោទថា ជា “ចារកម្ម”
វ៉សរ ៖ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងប៉ូឡូញ (ISA) នៅថ្ងៃពុធប្រកាសថា ប្រទេសរបស់ខ្លួននឹងបណ្តេញអ្នកការទូតរុស្ស៊ី ៤៥នាក់ ដែលត្រូវបានសង្ស័យថា ធ្វើការជាចារកម្ម។ បុគ្គលដែលជាប់សង្ស័យត្រូវបានគេពិពណ៌នាថា ជាមន្ត្រីនៃសេវាកម្មពិសេសរបស់រុស្ស៊ី និងអ្នកពាក់ព័ន្ធជាមួយពួកគេ ដែលបំពេញការងារក្នុងឋានៈការទូតនៅក្នុងប្រទេសប៉ូឡូញ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រធានទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងប៉ូឡូញលោក គ្រីស្តូហ្វ វ៉ាក្លាវេក (Krzysztof Waclawek) បានស្នើឱ្យក្រសួងការបរទេសខ្លួនប្រកាសថា ពួកគេមិនមែនជាមនុស្សធម្មតានោះទេ។ ទន្ទឹមនេះ ទីភ្នាក់ងារ ISA បានបញ្ជាក់ថា ខ្លួនបានប្រមូលភស្តុតាងនៃសកម្មភាពលួចលាក់របស់ជនសង្ស័យ ហើយម្នាក់ក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋប៉ូឡូញម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ពីបទសង្ស័យធ្វើចារកម្មឱ្យរុស្ស៊ី។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការបណ្ដេញអ្នកការទូតមួយចំនួនធំបែបនេះ គឺដោយសារតែគោលនយោបាយរបស់រុស្ស៊ីចំពោះប្រទេសប៉ូឡូញ និងសម្ពន្ធមិត្តរបស់ខ្លួន ក៏ដូចជាការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា