សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនហួវ៉េ (Huawei) បន្តជួយកម្ពុជា ទទួលបានបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានានូវសុវត្ថិភាព អធិបតេយ្យភាព និងមានការប្រកួតប្រជែងលើពិភពលោក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមហ៊ុនហួវ៉េ (Huawei) បន្តជួយកម្ពុជា ទទួលបានបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានានូវសុវត្ថិភាព អធិបតេយ្យភាព និងមានការប្រកួតប្រជែងលើពិភពលោក ។ នេះបើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក លីន បៃហ្វឹង ប្រធានក្រុមហ៊ុនហួវ៉េ (Huawei) ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ លោក លីន បៃហ្វឹង (Lin Bai Feng) ប្រធានក្រុមហ៊ុនវ៉េ ប្រចាំតំបន់ប៉ាស៊ីហ្វិក គោរពថ្លែងអំណរគុណជាអនេក ជូនចំពោះសម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេល ជាង ២៣ឆ្នាំកន្លងមក និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុន អនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។
លោកប៉ៃហ្វុង បានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង, កម្ពុជា មានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ ក្នុងន័យនេះ លោកប៉ៃហ្វុង គោរពសុំការគាំទ្រ ពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជនប្រកបដោយ សុវត្ថិភាព និងអធិបតេយ្យភាព ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ៃហ្វង ក៏បានគោរពជូនសម្ដេចតេជោនូវគ្រឿងបរិក្ខារ និងកុំព្យូទ័រចំនួន ៥០០គ្រឿង ។ សូមបញ្ជាក់ថា គ្រឿងបរិក្ខានេះ មានក្ដារដែលអាចសរសេរបាន, ក្ដារដែលអាចតភ្ជាប់ធ្វើការទំនាក់ទំនងតាមវីដេអូខនហ្វ្រឹនបានចំនួន១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកផៃហ្វុង ដែលកន្លងមក បានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងនៅពេលនេះ បានជូននូវគ្រឿងបរិក្ខារ សម្រាប់ការតភ្ជាប់ប្រជុំតាមតេឡេខន់ហ្វ្រិនផង និងកុំព្យូទ័រផង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យលោក ប៉ៃហ្វុង បន្តធ្វើការជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស នឹងបន្តធ្វើយ៉ាងណា ឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង ៕ ដោយ វណ្ណលុក