សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងគន្លងអាជីពគ្រូបង្រៀន
កំពង់ស្ពឺ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស (HRMIS) ប្រព័ន្ធគ្រប់គ្រងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) និងគន្លងអាជីពគ្រូបង្រៀន (TCP) ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីអង្គការដៃគូ នាយកដ្ឋានពាក់ព័ន្ធ មន្ទីរអប់រំខេត្តគោលដៅ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធីបតី ឯកឧត្តម ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញទិដ្ឋភាពទូទៅនៃប្រព័ន្ធ CPD ប្រព័ន្ធ HRMIS ប្រព័ន្ធ TCP កម្មវិធីទូរស័ព្ទដៃ គម្រោងសាកល្បង និងការបទបង្ហាញស្ដីពីលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិក្នុងសន្និបាតអប់រំឆ្នាំ២០២២ ការធ្វើកិច្ចពិភាក្សាអំពីលំហូរដំណើរការនៃតួនាទីផ្នែកគ្រប់គ្រងធនធានមនុស្សក្នុងសាលារៀន ដូចជាការស្នើសុំឈប់សម្រាក ការផ្ទេរបុគ្គលិកអប់រំ កង្វះបុគ្គលិក និងការជ្រើសរើសបុគ្គលិក។
សិក្ខាសាលានេះក៏ធ្វើពិភាក្សាអំពីគន្លងអាជីពគ្រូបង្រៀន ការបញ្ចូលបុគ្គលិកកិច្ចសន្យា ទៅក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្សជាដើម៕ ចាន់ វិចិត្រ




