ក្រសួងសាធារណៈការជំរុញឱ្យភាគីរោងចក្រគួរយកចិត្តទុកដាក់បន្ថែមទៀតដល់កម្មករ និយោជិត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់ពួកគាត់

ភ្នំពេញ៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២នេះ មាននិន្នាការកើនឡើង ទាំងករណីគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលបង្កឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិជាអាទិភាព មិនប្រកាន់ស្តាំ ការបត់ និងការវ៉ាជែងទាំងប្រថុយប្រថាន ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាព និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

នេះជាប្រសាសន៍របស់ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ ធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការចែករំលែកបទពិសោធន៍ និងការអនុវត្ត អំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញឱ្យភាគីរោងចក្រ គួរយកចិត្តទុកដាក់បន្ថែមទៀតដល់កម្មករ និយោជិត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់ពួកគាត់ និងសុំពិចារណាទៅលើទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ យោងតាមទិន្នន័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោះថ្នាក់កើតឡើងសរុប ២៥៦លើក បណ្តាលឱ្យមនុស្សស្លាប់ ១៤៣នាក់ និងរបួស ៣៤៩នាក់ ក្នុងនោះធ្ងន់ ២១៩នាក់។ ក្នុងចំណោមអ្នកស្លាប់ ជាអ្នកជិះម៉ូតូចំនួន ៨៣ ភាគរយ ស្មើនឹង ១១៩នាក់ក្នុងចំណោមមនុស្ស ១៤៣នាក់ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ៨១ភាគរយ ស្មើនឹង៩៦នាក់ក្នុងចំណោមមនុស្ស ១១៩នាក់។

នាឱកាសនោះដែរ លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី (AIP) មានប្រសាសន៍ថា ការស្នើសុំឱ្យដាក់បញ្ចូល និងអនុវត្តនូវគោលនយោបាយ បទបញ្ជាផ្ទៃក្នុង អំពីសុវត្ថិភាព ចរាចរណ៍នេះ ក្នុងគោលបំណងបង្កើនចំណេះដឹង និងកែប្រែឥរិយាបទរបស់បុគ្គលិក កម្មករ និយោជិត ព្រមទាំងលើកឡើងនូវក្តីកង្វល់ឱ្យបានកាន់តែទូលំទូលាយ និងធ្វើការទាក់ទាញ មតិគាំទ្រពីស្ថាប័នរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករ និយោជិតឱ្យបានកាន់តែប្រសើរ ជាពិសេសសម្រាប់កម្មករ និយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនរួម។

លោកនាយកបានស្នើសុំបន្ថែមទៅដល់ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមពិនិត្យលទ្ធភាពណែនាំ និងកំណត់ឱ្យរោងចក្រ សហគ្រាសនៅទូទាំងប្រទេស បង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ និងអនុវត្តសកម្មភាពនានាឱ្យបានជាទៀងទាត់ និងផ្តល់ការគាំទ្របច្ចេកទេសសមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវគោលនយោបាយ និងសកម្មភាពរបស់ពួកគេដែលនឹងបង្កើតឡើង។

លោក គឹម បញ្ញា បន្ថែមថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិត ឬនិយាយបែបម្យ៉ាងទៀតថា ការពារកម្មករ និយោជិត ដែលជាអ្នករួមចំណែក យ៉ាងសំខាន់ (តាមរយៈការផ្តល់កម្លាំងពលកម្ម និងចំណូល) ចំពោះការរីកចម្រើនរបស់រោងចក្រ សហគ្រាស គ្រួសារ សហគមន៍ ដែលគាត់រស់នៅ និងសេដ្ឋកិច្ចជាតិផង ពីគ្រោះថ្នាក់ចរាចរណ៍ គឺជាការការពារការខាតបង់របស់រដ្ឋាភិបាល រោងចក្រ និងអ្នកពាក់ព័ន្ធ ក្នុងឧស្សាហកម្ម ព្រមទាំងសង្គមទាំងមូល។

សូមបញ្ជាក់ថា សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការចែករំលែកបទពិសោធន៍ និងការអនុវត្ត អំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិតខាងលើនេះ រៀបចំឡើងរយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងបង្កើតឱ្យមានវេទិកាជួបជុំគ្នា នៃអ្នកតំណាងមកពីរោងចក្រដៃគូ ក្រុមអ្នកបញ្ជាទិញ សហជីព តំបន់សេដ្ឋកិច្ចពិសេស សមាគមអ្នកបើកបរ អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមក្នុងការអនុវត្តកម្មវិធី ដើម្បីជំរុញការបន្តកិច្ចសន្ទនា និងឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការការអនុវត្តយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ព្រមទាំងអនុវត្តឱ្យបានកាន់តែទូលំទូលាយនូវគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner