មូលនិធិកូកា-កូឡា គាំទ្រគម្រោង «Project 24» របស់មូលនិធិ Planet Water ដើម្បីនាំយកទឹកស្អាតជូនពលរដ្ឋកម្ពុជារាប់ពាន់នាក់
ភ្នំពេញ៖ មូលនិធិកូកា-កូឡាគឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers ទាំងនេះក្នុងប្រទេសកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទនភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។
គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ ២០២២នេះ។ បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀតដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦ មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៤ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៥៥.០០០នាក់ក្នុងខេត្តចំនួន ១៨ នៅទូទាំងប្រទេសកម្ពុជា។
គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។ ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។
កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។ គម្រោងនេះក៏មានគាំទ្រកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយាចំពោះសុខភាពទឹក និងអនាម័យ។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ»។ លោកបន្ថែមថា៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិតជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។
ក្នុងឱកាសទិវាទឹកពិភពលោកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មូលនិធិ Planet Water ក៏នឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីនាំយកទឹកស្អាតទៅកាន់អ្នកទទួលផលជាង ៥០.០០០នាក់ដែលរស់នៅក្នុងសហគមន៍ក្រីក្រ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនចំនួន ២,២ពាន់លាននាក់ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតនៅទូទាំងទ្វីបអាស៊ី។ ចាប់តាំងពីឆ្នាំ២០១០ មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
ដោយ៖ ឈឹម ទីណា