ហេតុ​បាន​ជា​អឺរ៉ុប​រំពឹង​យ៉ាង​ខ្លាំង​លើ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​?

ក្នុង​របាយការណ៍​មួយ​ ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ CIA បាន​សរសេរ​ក្នុង​ភាសា​ចំៗ​ថា​ គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ប្រវែង​ជាង​ ៥៥០០ គីឡូម៉ែត្រ​មួយ​ចេញ​ចេញ​តំបន់​ស៊ីបេរី​មក​កាន់​ប្រទេស​អាល្លឺម៉ង់់​ គឺ​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​អនាគត​នៃ​អឺរ៉ុប​ខាង​លិច​ ដែល​នឹង​បង្កើត «ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ» ដោយ​សារ​ការ​ពឹង​ផ្អែក​ដ៏​គ្រោះថ្នាក់​លើ​ឥន្ធនៈ​របស់​រុស្ស៊ី​។

ប៉ុន្តែ​របាយការណ៍​នេះ​ គឺ​មិន​មាន​ជា​ការ​ផ្ដល់​អនុសាសន៍​ជូន​លោក​ប្រធានាធិបតី​ចូ បៃដិន​សព្វ​ថ្ងៃ​ទេ​ វា​គឺ​ជា​ការ​ផ្ដល់​អនុសាសន៍​ដល់​លោក​ប្រធានាធិបតី​រ៉ូណាល់ រីហ្គែន​កាល​ពី​ជាង​ ៤០ ឆ្នាំ​មុន​ឯណោះ​។

របាយការណ៍​នេះ​ហាក់​ដូចជា​ផ្ដល់​ទំនាយ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​។ អ្នក​វិភាគ​និយាយ​ថា​បំពង់​បង្ហូរ​សម័យ​សហភាព​សូវៀត​នេះ​ រួម​ជាមួយ​ការ​ថយ​ចុះ​នៃ​កំណប់​ និង​ផលិតកម្ម​ឧស្ម័ន​នៅ​អឺរ៉ុប គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​របស់​អឺរ៉ុប​ទៅ​លើ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​ ដើម្បី​ផ្ដល់​កម្ដៅ​ទៅ​គេហដ្ឋាន​ និង​ផ្ដល់​ថាមពល​ឱ្យ​ឧស្សាហកម្ម​របស់​ខ្លួន​។ ឥឡូវ​នេះ​ការ​ពឹង​ផ្អែក​នេះ​ បាន​ផ្ដល់​ចំណូល​សម្រាប់​ទ្រទ្រង់​ការ​លុកលុយ​របស់​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​។

ក្នុង​ឆ្នាំ ១៩៨១ ​លោក​រីហ្គែន​បាន​ព្យាយាម​ដាក់​ទណ្ឌកម្ម​ ដើម្បី​រារាំង​ការ​សាងសង់​បំពង់​របស់​សហភាព​សូវៀត​ ដែល​រចនា​ឡើង​ដើម្បី​ដឹកជញ្ជូន​ឧស្ម័ន​ក្នុង​បរិមាណ​ដ៏​ធំ​មក​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច​។ ប៉ុន្តែ​លោក​រីហ្គែន​បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ មិន​ត្រឹម​តែ​មក​ពី​វិមាន​ក្រឹមឡាំង​ និង​អឺរ៉ុប​ ដែល​ចង់​បាន​ប្រភព​ឧស្ម័ន​ថោក​ ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​ក្រុម​បញ្ចុះបញ្ចូល​ (Lobbyist) ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​របស់​លោក​ គឺ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​អាមេរិក​ ដែល​ចង់​ទទួល​ប្រាក់​ចំណេញ​ពី​កំណប់​ឧស្ម័ន​ដ៏​ធំ​របស់​រុស្ស៊ី​។

ក្នុង​យុទ្ធនាការ​បញ្ចុះបញ្ចូល​ និង​ទំនាក់ទំនង​សាធារណៈ​ ដែល​រួម​មាន​ការ​ចេញ​អត្ថបទ​វិចារណកថា​នៅ​តាម​កាសែត​នានា ការ​បញ្ចុះបញ្ចូល​សមាជិក​សភា និង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​សេតវិមាន​ដោយ​ផ្ទាល់​ ក្រុមហ៊ុន​ទាំង​នេះ​បាន​ព្យាយាម​រារាំង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​រីហ្គេន​។

យុទ្ធនាការ​នេះ​បង្ហាញ​អំពី​ភាព​លោភលន់​របស់​ក្រុមហ៊ុន​អាមេរិក​ ដោយ​មិន​គិត​អំពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។ ដោយ​ប្រឈម​មុខ​នឹង​ការ​ប្រ ឆាំង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ លោក​រីហ្គែន​នៅ​ឆ្នាំ​១៩៨២​ បាន​ដក​ទណ្ឌកម្ម​ទាំង​អស់​ដែល​រារាំង​ក្រុមហ៊ុន​អាមេរិក​មិន​ឱ្យ​ផ្គត់ផ្គង់​ ឬ​ចូល​រួម​ក្នុង​គម្រោង​នេះ​។ នៅ​ឆ្នាំ ១៩៨៤ បំពង់​បង្ហូរ​ឧស្ម័ន​ពី​ស៊ីបេរី​ មក​កាន់​អាល្លឺម៉ង់​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​។

ការ​ចូល​រួម​តាំង​ពី​ដើម​របស់​ក្រុមហ៊ុន​អាមេរិក​ក្នុង​គម្រោង​បំពង់​ឧស្ម័ន​ស៊ីបេរី​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ឈាន​ចូល​របស់​ពួកគេ​ទៅ​ក្នុង​វិស័យ​ឥន្ធន​ផូស៊ីល​របស់​រុស្ស៊ី។​ នៅ​ពេល​ដួល​រលំ​សហភាព​សូវៀត​ និង​ការ​បើក​ទំនាក់​ទំនង​រវាង​លោក​ខាង​លិច និង​លោក​ខាង​កើត​ ក្រុមហ៊ុន​នានា​បាន​ចាប់​ផ្ដើម​គម្រោង​បណ្ដាក់ទុន​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​វិស័យ​ឥន្ធន​ផូស៊ីល​របស់​រុស្ស៊ី​។

ក្នុង​រយៈ​ពេល​ ៤០ ឆ្នាំ​បន្ទាប់​ពី​គម្រោង​បំពង់​ដំបូង​ ដោយ​មាន​ការ​ឆ្លង​កាត់​ការ​ធ្លាក់​ចុះ​ផលិតកម្ម​នៅ​អឺរ៉ុប​ និង​ការ​ងាក​ចេញ​ពី​ប្រើប្រាស់​ធ្យូង​ថ្ម និង​នុយក្លេអ៊ែរ មាន​ការ​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​បន្ត​បន្ទាប់​ពី​រុស្ស៊ី​មក​កាន់​អឺរ៉ុប​ជា​ច្រើន​ខ្សែ​ទៀត​ ដែល​បង្កើត​ជា​បណ្ដាញ​ដ៏​ធំ​មួយ​ ដែល​ផ្គត់ផ្គង់​ជាង​ ៤០ ភាគរយ​នៃ​តម្រូវ​ការ​ឧស្ម័ន​របស់​ទ្វីប​នេះ​។

អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយ​ថា​ការ​ពឹង​ផ្អែក​ដ៏​ខ្លាំង​បែប​នេះ​ បាន​បង្កើន​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​ទ្វីប​អឺរ៉ុប​។ ជា​ឧទាហរណ៍​គេ​ជា​រឿយ​បាន​ចង្អុល​ទៅ​ឆ្នាំ​ ២០០៩ នៅ​ពេល​ដែល​រុស្ស៊ី​ និង​អ៊ុយក្រែន​មាន​ជម្លោះ​ការ​ទូត​មួយ​ ដែល​ឈាន​ដល់​រុស្ស៊ី​បិទ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​តាម​រយៈ​បំពង់​ដែល​ឆ្លង​កាត់​ប្រទេស​អ៊ុយក្រែន​ ធ្វើ​ឱ្យ​ប៉ះពាល់​អឺរ៉ុប​យ៉ាង​ខ្លាំង​នៅ​ចំ​កណ្ដាល​រដូវ​រងា​។ គេហដ្ឋាន​ជា​ច្រើន​នៅ​ប្រទេស​ប៉ូឡូញ​បាន​បាត់បង់​ប្រភព​កម្ដៅ​ ហើយ​មនុស្ស​រាប់​សិប​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​កម្ដៅ​ធ្លាក់​ចុះ​ខ្លាំង​ពេក​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner