ឯកឧត្តម ប្រាក់ សុខុន ទទួលជួបអនុប្រធានជាន់ខ្ពស់ នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពែញ:កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បាន អនុញ្ញាត ឲ្យលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះ សមិទ្ធផលនានា របស់ក្រុមហ៊ុន Huawei នៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបានឃើញ ប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សចាប់តាំង ពីបើកដំណើរការ នៅ ឆ្នាំ ១៩៩៩ កន្លងមក ហើយបានរំពឹងថា ក្រុមហ៊ុន Huawei នឹងបន្តរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៅកម្ពុជា។

ជាការឆ្លើយតប លោក Lin Baifeng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជាដែលបានផ្តល់នូវជំនឿទុកចិត្ត និងគាំទ្រដល់ក្រុមហ៊ុន Huawei ក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ជាពិសេសវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ICT ។

លោកប្រធាន Huawei ប្រចាំ តំបន់ អាស៊ីប៉ាស៊ីហ្វិក ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីសមិទ្ធផលនានាដែលក្រុមហ៊ុន Huawei សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជា សក្តានុពល និងផែនការពង្រីក វិនិយោគ និងការអភិវឌ្ឍសំខាន់ៗនៅពេលអនាគត សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា ។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើង ថា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ (4.0 IR) កម្ពុជាជំរុញឱ្យមានបច្ចេកវិទ្យាឈានមុខក្នុងវិស័យ ICT សម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន លោក Lin Baifeng អំពីទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងចិន ក៏ដូចជារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផងដែរ ។

ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ដែល បានសហការ និងផ្តល់ជំនួយជាបន្តបន្ទាប់ដល់ក្រសួង-ស្ថាប័ន មួយ ចំនួន នៅ កម្ពុជា ព្រមទាំងបានលើកទឹក ចិត្តឱ្យបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល ដល់អ្នកមានទេពកោសល្យវ័យក្មេងក្នុងវិស័យ ICT របស់កម្ពុជា ដោយគូសបញ្ជាក់ថា ការជួយដល់យុវជន កម្ពុជា គឺមានន័យថា ក្រុមហ៊ុន Huawei បានជួយដល់អនាគតរបស់កម្ពុជាផងដែរ។

លោក Lin Baifeng បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធនានារបស់កម្ពុជា ក្នុងគោលបំណងជួយរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថល និង ICT នៅកម្ពុជាបន្ថែម៕ ដោយ :សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner