កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីកៀរគរការគាំទ្របន្ថែម ឆ្ពោះទៅស៊ីហ្គេម ២០២៣

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប នាថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ ដើម្បីស្វែងរកការគាំទ្របន្ថែម ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តាមប្រព័ន្ធអនឡាញ និងអញ្ជើញចូលរួមដោយផ្ទាល់ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការរង CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន បានផ្តល់ខ្លឹមសារក្រោយបញ្ចប់កិច្ចប្រជុំនេះថា នេះជាកិច្ចប្រជុំត្រួតពិនិត្យលើកទី២ ដើម្បីឲ្យបានរៀបរយគ្រប់ទម្រង់ទាំងអស់ ក្នុងការត្រៀមទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីគ្នេយ៍។

ឯកឧត្តមបានឲ្យដឹងទៀតថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកីឡាអាស៊ីអាគ្នេយ៍ នាខែក្រោយនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្វែងរកការគាំទ្របន្ថែម ជាពិសេសគឺដើម្បីធានាឲ្យបាននូវអ្វីដែលជាសំណើរ និងបញ្ហាប្រឈមរបស់ម្ចាស់ផ្ទះកម្ពុជាជូនដល់បណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍។ យើងនៅមានបញ្ហាខ្លះៗ ដែលយើងកំពុងខិតខំប្រឹងប្រែងធ្វើប្រកបដោយភាពជឿជាក់ និងសកម្ម ដើម្បីឲ្យ ស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជានេះមានភាពប្រែប្រួលខ្លះ ក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ដូច្នេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិត ថោង ខុន តែងតែយកចិត្តទុកដាក់ខ្ពស់ ហើយឲ្យពិនិត្យថាអ្វីដែលកម្ពុជាអាចធ្វើទៅបាន និងដឹកនាំអាស៊ានបានល្អ។

អគ្គលេខាធិការបន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យការទទួលរៀបចំធ្វើម្ចាស់ផ្ទះជូនសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ទទួលបានភាពកក់ក្តៅជាទីបំផុត ដើម្បីជាកិត្តិយសជាតិ ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផង និងក្នុងនាមជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ២០២៣ផង។ «បើកាលណា ការរៀបចំកិច្ចប្រជុំខាងមុខនេះ ជោគជ័យ នោះមានន័យថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់នឹងត្រៀមបញ្ជូនប្រតិភូ កីឡាករ កីឡាការិនីមកកាន់តែច្រើន។ បើប្រតិភូកីឡាមកច្រើន នោះមានន័យថា ពួកគាត់មកលើកទឹកចិត្តដល់ម្ចាស់ផ្ទះ ស៊ីហ្គេមរបស់កម្ពុជាយើងកាន់តែខ្ពស់ទៅតាមនោះដែរ ហើយម្ចាស់ផ្ទះកម្ពុជាក៏នឹងទទួលបាននូវភាពជោគជ័យផងដែរ»។

ជាមួយគ្នានោះ កម្ពុជានឹងស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំកីឡាជាសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ និងឲ្យពួកគាត់អនុម័តនូវអ្វីជាសំណើររបស់កម្ពុជា ដូចជាបញ្ជូលបន្ថែមប្រភេទកីឡាប្រពៃណីខ្មែរ ទៅក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដូចជាប្រភេទកីឡាគុនល្បុក្កតោ និងអុកចត្រង្គ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner