នាយករដ្ឋមន្ត្រីកម្ពុជា បារម្ភរឿងតម្លៃប្រេង នឹងគ្រប់គ្រងលែងបានកាន់តែធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីឈប់ផលិតប្រេង

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីការបារម្ភ ប្រសិនជាប្រទេសរុស្ស៊ី ដែលជាអ្នកផលិតប្រេងធំមួយក្នុងលោកឈប់ ឬផ្អាកផលិតប្រេងលក់ នោះតម្លៃប្រេងអន្តរជាតិ នឹងគ្រប់គ្រងលែងបាន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋទូទាំងពិភពលោក ហើយសម្ដេច ក៏បង្ហាញនូវការបារម្ភពីសង្ក្រាមនុយក្លេអ៊ែរផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចតេជោ បានលើកឡើងថា ឥទ្ធិពលអាក្រក់ពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់ពិភពលោក ជាពិសេសគឺតម្លៃប្រេងដែលបច្ចុប្បន្នគ្រប់គ្រងលែងបានហើយ។ ស្របពេលដែលកម្ពុជា នឹងចូលដល់ពិធីបុណ្យចូលឆ្នាំទៀតនោះ ការឡើងថ្លៃប្រេង ក៏ធ្វើឱ្យការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋ មិនសូវជាស្រួលចិត្តប៉ុន្មាននោះទេ។ គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា សម្ដេចតេជោបានបង្ហើបថា រាជរដ្ឋាភិបាល កំពុងតាមដានករណីរុស្ស៊ី-អ៊ុយក្រែន ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឱ្យទាន់ពេលវេលា ។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ពីការចាប់ផ្តើមប្រតិបត្តិការយោធាដោយភាពចាំបាច់ជាបន្ទាន់ដើម្បី «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» ដើម្បីការពារសាធារណរដ្ឋ Donbass និងដើម្បីធានាថា រុស្ស៊ីនឹងមិនត្រូវបានដាក់នៅក្រោមការគំរាមកំហែងដោយណាតូពីទឹកដីអ៊ុយក្រែន។ ការឈ្លានពានលើប្រទេសអ៊ុយក្រែន ពីសំណាក់ប្រទេសរុស្ស៊ី បានធ្វើឱ្យលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ហើយជាចុងក្រោយ បានដាក់ទណ្ឌកម្មលើថាមពលដែលជាប្រភពចំណូលសំខាន់នៃប្រទេសរុស្ស៊ី។ ការដាក់ទណ្ឌកម្មនេះហើយដែលធ្វើឱ្យវិបត្តិនៅប្រទេសអ៊ុយក្រែន កំពុងសាយភាយជុំវិញពិភពលោក ដោយសារតម្លៃប្រេងឥន្ទនៈ បានបន្តឡើងជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner