អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ពីការចាប់ឆ្នោតលំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនិងការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ភ្នំពេញៈ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS ថា សម្រាប់ឃុំ សង្កាត់ណាដែលបណ្តឹងត្រូវបានដោះស្រាយចប់សព្វគ្រប់ពាក់ព័ន្ធបញ្ជីបេក្ខជនដំបូង គឺឃុំសង្កាត់នោះអាចបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។ ដូច្នេះតាមបញ្ជីបេក្ខជនផ្លូវការរបស់គណបក្សនយោបាយដែលបានចុះបញ្ជីនៅឃុំសង្កាត់នោះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ឯកឧត្តមបានបញ្ជាក់ទៀតថា “តាមរបាយការណ៍ដែលទទួលបាន គឺមាន ១.៤២៨ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ដែលបានចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ ឃុំសង្កាត់និមួយៗ មានសន្លឹកឆ្នោតផ្សេងៗពីគ្នា ហើយប្រភេទសន្លឹកឆ្នោតសម្រាប់ឃុំសង្កាត់ ១.៦៥២ គឺមានសន្លឹកឆ្នោត ១.៦៥២ប្រភេទ ដូច្នេះសន្លឹកឆ្នោតមិនដូចគ្នាទេ។គម្រោងនៃការបោះពុម្ពសន្លឹកឆ្នោត គឺទៅតាមឃុំសង្កាត់និមួយៗ ទៅតាមចំនួនអ្នកបោះឆ្នោតដែលមានទៅតាមការិយាល័យបោះឆ្នោត នៃឃុំសង្កាត់និមួយៗ ។បើតាមបញ្ជីបោះឆ្នោតជាផ្លូវការប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីមានប្រមាណជា ៩,២លាននាក់ ហើយសន្លឹកឆ្នោតដែលគ្រោងបោះពុម្ព អាចគិតទាំងសន្លឹកឆ្នោតដែលត្រូវប្រើនៅក្នុងការិយាល័យបោះឆ្នោត និងសន្លឹកឆ្នោតត្រៀមបម្រុងនៅក្នុងការិយាល័យណាមួយដែលមានការខូចដោយសារប្រការមួយនោះ គឺគ.ជ.ប នឹងគ្រោងមានសន្លឹកឆ្នោតបម្រុងប្រមាណជាពីរលានសន្លឹក ”។
អ្នកនាំពាក្យដដែលបន្តថា គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជននៅឃុំ សង្កាត់ណាមួយហើយ ហើយក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការ គឺគណបក្សទាំងអស់ត្រូវមកជួបជុំគ្នាដើម្បីតាមដានការពិនិត្យមើលការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ នៅក្នុងកម្មវិធីនេះ គឺគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនឹងនិមន្តព្រះសង្ឃដើម្បីចាប់ឆ្នោត នៅពេលចាប់បានគណបក្សណាមួយមានន័យថា គណបក្សនោះនឹងត្រូវនៅក្នុងលំដាប់លេខរៀងទី១ ហើយបន្ទាប់មកទៀតឈ្មោះគណបក្សនយោបាយដែលចាប់បានជាបន្តបន្ទាប់លេខ ២, ៣ ,៤ គឺត្រូវកំណត់ជាលំដាប់ថ្នាក់ទី២ ទី៣ ទី៤ ។ ហើយគណបក្សនយោបាយដែលបានលេខរៀងណាមួយ គឺត្រូវចុះហត្ថលេខាទទួលស្គាល់ដើម្បីការឃោសនាបោះឆ្នោតជម្រាបជូនអ្នកគាំទ្រឲ្យស្គាល់ពីលេខរៀងនៅលើសន្លឹកឆ្នោត។
យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែល គ.ជ.ប ទទួលបានគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៤២៨ ឃុំ សង្កាត់នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ គឺមានខេត្តសៀមរាប ស្ទឹងត្រែង កែប និងខេត្តត្បូងឃ្មុំ បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ។
តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូង ក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គឃ.សប ត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជនចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បីអាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជនផ្លូវការនៅក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។
សូមជម្រាបថា ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយដាក់ពាក្យសុំចំនួន ១៧ ៕ ដោយៈ ពលជ័យ