ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានសក្តានុពលដែលមិនអាចខ្វះបាន ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ។ ស្ថិតក្នុងបរិការណ៍នេះ ស្របតាមបេសកកម្ម និងបុព្វហេតុរបស់ខ្លួន ស.ស.យ.ក តែងតែផ្តល់ឱកាស និងប្រមូលផ្តុំកម្លាំងយុវជនគ្រប់ទិសទីដើម្បីរួមគ្នាក្នុងការកសាងសង្គមកម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍនៅលើគ្រប់វិស័យ។ យុវជនជាសរសៃឈាមដ៏រស់រវើក និងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យក សម្រេចបានជាបន្តបន្ទាប់ និងឆាប់រហ័សរបស់ក្រុមប្រឹក្សាយុវជនឧត្តមសិក្សា និងរចនាសម្ព័ន្ធក្រោមចំណុះក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ស សុខា។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា សមិទ្ធផលជាច្រើនត្រូវសម្រេចបានក្នុងឆ្នាំ២០២២កន្លងមក ក្នុងនោះការសម្រេចបានផែនការរួម ៧៥,៦៣% ធៀបទៅនឹងសកម្មភាពដែលបានកំណត់ក្នុងផែនការឆ្នាំ២០២១ ជាពិសេសគឺការរៀបចំរចនាសម្ព័ន្ធបានលើសផែនការដែលគ្រោងទុកពីដើមទី គឺប្រមាណ៥០ស្ថាប័ន តែមកដល់ពេលនេះរៀបចំបានឡើងទៅដល់១១៤ស្ថាប័ន ស្មើនឹង៦៦% នៃគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា “ជាការពិតណាស់ទោះស្ថិតក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ-១៩ សមិទ្ធផលទាំងអស់ អាចសម្រេចទៅបានកើតចេញពីការយកចិត្តទុកដាក់ គំនិតច្នៃប្រឌិត កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងសមាជិក សមាជិកាគ្រប់ៗរូប ដែលបានបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រទាក់ក្រឡា គួបផ្សំជាមួយនឹងកិច្ចសហការគាំទ្រដ៏ជិតស្និទ្ធ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។

ផ្តើមចេញពីភាពជោគជ័យនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានឹងរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការបន្តផ្តល់ឱកាសដល់យុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលជាធនធានមនុស្ស និងជាអ្នកបន្តវេននាពេលអនាគតឱ្យមកចូលលរួមជាមួយ ស.ស.យ.ក ដែលនឹងក្លាយជាកម្លាំងគាំទ្រដោយមានសក្តានុពលពោរពេញទៅដោយសីលធម៌ សមត្ថភាព បុរេសកម្ម និងទំនួលខុសត្រូវ និងក្លាយជាសរសៃឈាមដ៏រស់រវើក និងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា”។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ប្រាកដណាស់យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានសក្តានុពលដែលមិនអាចខ្វះបាន ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ។ ស្ថិតក្នុងបរិការណ៍នេះ ស្របតាមបេសកកម្ម និងបុព្វហេតុរបស់ខ្លួន ស.ស.យ.ក តែងតែផ្តល់ឱកាសនិងប្រមូលផ្តុំកម្លាំងយុវជមគ្រប់ទិសទីដើម្បីរួមគ្នាក្នុងការកសាងសង្គមកម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍនៅលើគ្រប់វិស័យ”។ ក្នុងន័យនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានចាប់ផ្តើមនិងកំពុងចូលរួមចំណែកជាសេនាធិការ និងជាប្រតិបត្តិករយ៉ាងទូលំទូលាយរបស់ ស.ស.យ.ក ក្នុងការផ្តល់ឱកាសកសាងកម្លាំងយុវជនចូលរួមជាមួយ ស.ស.យ.ក ដើម្បីទទួលបានការគាំទ្រលើកទឹកចិត្ត ទម្រង់់ទិស និងផ្តល់ឱកាសបន្ថែមដល់យុវជនទាំងការអប់រំ ការបណ្តុះបណ្តាល ក៏ដូចជាឱកាសចូលរួមសកម្មភាពស្ម័គ្រចិត្តនានាបន្ថែមទៀត៕
ដោយ៖ពលជ័យ

ads banner