ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំកិច្ចប្រជុំពិសេស ដើម្បីពិនិត្យនិងពិភាក្សាកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំកិច្ចប្រជុំពិសេសមួយរបស់គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីពិនិត្យនិងពិភាក្សាកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំពិសេសនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សរុបរួមចំនួន៥៤រូប ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ AMS បន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចប្រជុំពិសេសនេះ បានសម្រេចគាំទ្រទាំងស្រុងលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងគណបក្ស សមស្របតាមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស។ គាំទ្រលើសេចក្តីព្រាងគោលនយោបាយអាទិភាព៩ចំណុច សម្រាប់ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវនឹងផ្សព្វផ្សាយ នៅពេលខាងមុខនេះ។ ឯកភាពផ្ទៃក្នុង រួមរួបគ្នា សាមគ្គីគ្នា ដើម្បីគណបក្សទទួលបានជោគជ័យ និងទទួលបានអាសនៈសាជាថ្មី៕
ដោយ៖ពលជ័យ

ads banner