ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មាន ស្តីពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នៅវេលាម៉ោង០៨:៣០ នាទីព្រឹក នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអ្នកចូលរួមសរុប ចំនួន ៣៧៧រូប រួមមាន មន្ត្រីជំនាញ នៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ១៤៧ផងដែរ។
ជាមួយគ្នានេះដែរ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបញ្រ្ជាបការយល់ដឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ធានាចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបំពេញកាតព្វកិច្ចតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force FATF) ក្នុងការចូលរួមការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព។
សិក្ខាសាលាបានចែករំលែកនូវខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ផ្តោតលើការគេចវេស និងទោសប្បញ្ញត្តិ និងការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ទទ្ទឹមនេះ សិក្ខាកាមក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារច្បាប់ និងក្របខណ្ឌគតិយុត្ត នីតិវិធី នៃការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចជាបុគ្គលរាយការណ៍។
ជាលទ្ធផល សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ បានយល់ដឹងអំពីខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសបែបបទ នីតិវិធី នៃការអនុវត្ត និងកាតព្វកិច្ច នៃស្ថាប័នត្រួតពិនិត្យបុគ្គលរាយការណ៍ដូចចែងក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន ព្រមទាំងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យជួយផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយដល់សហការី និងសាធារណជន សំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕ដោយ-រ៉ាវុធ