សង្គមស៊ីវិលចិនបានផ្តល់ជូនថវិកា ២០លានរៀល ដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី
រតនគិរី ៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី មានរៀបចំកម្មវិធីប្រគល់-ទទួលសម្ភារៈអេឡិចត្រូនិកនិងគ្រឿងបរិក្ខាវេជ្ជសាស្រ្តដែលជាអំណោយរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមពុទ្ធសាសនិកកម្ពុជា-ចិនជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។
ក្នុងនាមលោកវេជ្ជបណ្ឌិត ប៉ាន់ សារ៉ន ប្រធានមន្ទីរពេទ្យបង្អែកស្រុកបរកែវ លោក ច័ន្ទ សម្បត្តិ អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលរបស់ប្រទេសចិនតាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ដែលបានសហការយ៉ាងជិតស្និទ្ធិជាមួយមន្ទីរពេទ្យស្រុកបរកែវនិយាយដោយឡែក និងបណ្តាមន្ទីរពេទ្យនានានៅក្នុងប្រទេសកម្ពុជានិយាយរួម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។
អំណោយដែលមន្ទីរពេទ្យបង្អែកស្រុកបរកែវទទួលបាននាថ្ងៃនេះរួមមាន ម៉ាស៊ីនជំនួយអុកស៊ីហ្សែនចំនួន១០គ្រឿង បំពង់អុកស៊ីហ្សែន៤០លីត្រចំនួន១ ធុងទឹកចំណុះ៣០០លីត្រចំនួន២ ម៉ាស៊ីនខ្នាតធំបាញ់សម្លាប់មេរោគCovid-19ចំនួន២ ថ្នាំសម្លាប់មេរោគCovid-19ចំនួន៦០លីត្រ ម៉ាស៊ីនព្រីនធ័រកូល័រខ្នាតធំចំនួន១ និងម៉ាស៊ីនព្រីនធ័រស-ខ្មៅចំនួន១ សរុបជាថវិកា២០លានរៀល ដែលជាការចូលរួមយ៉ាងសកម្មនៅក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់មន្ទីរពេទ្យសំដៅបម្រើសេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាជននៅមូលដ្ឋាន។
ក្នុងនាមសង្គមស៊ីវិលចិន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងនូវអំណរគុណចំពោះរដ្ឋបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តរតនគិរីដែលតែងបានលើកទឹកចិត្តនិងសម្របសម្រួលជូនដល់សង្គមស៊ីវិលចិនចូលរួមនៅក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងក្នុងខេត្តរតនគិរី ហើយលោកបណ្ឌិតក៏បានសាទរនឹងសមិទ្ធផលនានាបន្ថែមទៀតដែលមន្ទីរពេទ្យបង្អែកស្រុកបរកែវសម្រេចបាន ព្រមទាំងបានបន្តលើកទឹកចិត្តដល់ការបង្កើនគុណភាពសេវាកម្មសុខភាពសាធារណៈជូនដល់ប្រជាជនកម្ពុជានៅក្នុងស្រុកបរកែវផងដែរ។
រួមជាមួយព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា -ចិន និង បណ្ដា សង្គមសុីវិលនានារបស់ប្រទេសចិន លោកបណ្ឌិតបានសន្យានឹងបន្តកិច្ចសហការជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការគៀងគរជំនួយចូលរួមបំពេញនូវតម្រូវការជាក់ស្តែងជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ហើយបានជំរុញនិងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបង្អែកស្រុកបរកែវក្រោមការដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខា ដារ៉ាពិសិដ្ឋ ក្នុងការបន្តកិច្ចសហការអនុវត្តគម្រោងជួយកុមារដែលមានជំងឺបេះដូងចំហ ការផ្តល់ចង្ក្រានបរិស្ថាន និងសេវាសុខភាពសាធារណៈជូនដល់អ្នកវ័យចំណាស់ដែលមានជំងឺលើសឈាម ទឹកនោមផ្អែម និងបេះដូង បន្ថែមពីលើការចូលរួមចំណែកក្នុងការចូលរួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19៕ ដោយ ង៉ាន់ ទិត្យ