ក្រុមឧក្រិដ្ឋជនចំនួន ៣នាក់ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនជិត ៦០០គីឡូក្រាមឆ្លងដែន តាមផ្លូវសមុទ្រចេញទៅប្រទេសទី៣ ត្រូវកម្លាំងសមត្ថកិច្ចជំនាញឆ្មក់បង្ក្រាប
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបក្រុមឧក្រិដ្ឋជនចំនួន ៣នាក់ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៦០០គីឡូក្រាម តាមផ្លូវសមុទ្រចេញទៅប្រទេសទី៣ ។ នេះបេី យោង តាមប្រភពព័ត៍មានពី នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី ២៦ ខែមីនា ឆ្នាំ ២០២២ថ្មីៗ ។
តាមប្រភពដដែលបន្តថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) កាលពីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង៥០នាទី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ,លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បំរ៉ុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣ នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។
ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ,ទី២៖ នៅចំណុចកាំកូស៊ីធី អាគាA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ,ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ,ទី៤៖ នៅចំណុច(ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជាលទ្ធផល៖ឃាត់ខ្លួនជនសង្ស័យចំនួ ន ៣នាក់ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)ឆ្នាំកំណើតៈ ១៩៦៧ ;២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត ១៩៧៣ ;៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត ១៩៨១ ។
ដោយឡែក កម្លាំងជំនាញ ក៏បានចាប់យកវត្ថុតាង៖
១/កេតាមីន(Ketamine) ទម្ងន់ ៥១០ គ.ក្រ ២៥៦ ក្រាម
២/មេតំហ្វតាមីន(ICE) ទម្ងន់ ១ គ.ក្រ ៩៥៨ ក្រាម
៣/អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៥១ គ.ក្រ ៦៥៩.៦០ ក្រាម
៤/នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ២០ គ.ក្រ ៧៩០ ក្រាម
៥/ FUB-AMB(Cannabinoid)(NPS) ទម្ងន់ ១១ គ.ក្រ ៧៥៤ ក្រាម។
*សារធាតុញៀនសរុប ទម្ងន់ ៥៩៦ គ.ក្រ ៤១៧,៦០ក្រាម។
*សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម ។
*សារធាតុមិនច្បាស់ទម្ងន់ ៦ គ.ក្រ ៦៨៨ក្រាម។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ដោយ ៖ ជីម ភារ៉ា