អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជានោះជាការមិនពិតហើយជាការបញ្ចេញកំហឹងសងសឹកទាំងងងឹតងងល់​និងពោលពាក្យ​ តាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើមនិងប្រមាថជាតិកំណើតរបស់ខ្លួនបង្កើតឲ្យមានការភ័ន្តច្រលំនិងញុះញង់ បង្កឲ្យមានការរើសអើងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងកេងចំណេញនយោបាយ និងបង្កអស្ថិរភាពក្នុងប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ(រូបថតឯកសារ)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែមីនានេះ បានឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយបានធ្វើការផ្សព្វផ្សាយកិច្ច សម្ភាសន៍ជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ដែលមានខ្លឹមសារវាយប្រហារតាមបែបអគតិបង្កការញុះញង់ឲ្យមានការ​រើសអើង និងមួលបង្កាច់ការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និង សេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាភរិយារបស់ឈ្មោះ វ៉ាត់ រ័ត្នមុន្នី ដែលបុរសរូបនេះធ្លាប់បានធ្វើសកម្មភាព​លួងលោមជនរងគ្រោះពីរនាក់ ម្តាយ និងកូនស្រី ឲ្យថតជាខ្សែរវីដេអូឯកសារ ដោយកុហកថា ជាខ្សែវីដេអូ និយាយអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលជា ច្រើនឆ្នាំ។ ប៉ុន្តែតាមការពិតខ្សែវីដេអូដែលថតនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមមានចំណង ជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ប្រពៃណីជាតិ និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ផ្អែកតាមបណ្តឹងជនរងគ្រោះពីរនាក់ម្តាយ និងកូនស្រី សមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេតដោយប្រមូលភស្តុតាង ជាច្រើន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាចាប់ខ្លួននិងបើកសវនាការផ្តន្ទាទោសបុរស ឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដាក់ពន្ធនាគារកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ កំណត់រយៈពេលពីរឆ្នាំពីបទ«ញុះញង់ឲ្យមានការ រើសអើង»។ ក្នុងអំឡុងពេលស្រាវជ្រាវ ចាប់ខ្លួន និងអនុវត្តទោសលើបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី នោះ ស្តីឈ្មោះ ឡុង គឹមហ៊ាង ត្រូវជាភរិយាគ្មានវត្តមានក្នុងប្រទេសកម្ពុជាឡើយ។ ដោយឡែកតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានជន ឈ្មោះ វ៉ាត់ រ័ត្នមុន្នី នេះបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅក្រៅប្រទេសបន្ទាប់ពីអនុវត្តទោសរួច។

ប្រភពដដែលបានបន្តថា ការផ្ដល់កិច្ចសម្ភាសន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺមានចេតនាយ៉ាងច្បាស់ក្នុងការបំភ័ន្តមតិ ជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រលំចំពោះនយោបាយគ្រប់គ្រងដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបង្ហាញឲ្យឃើញ អំពីសារជាតិពុតត្បុត ញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការគាំទ្ររាជរដ្ឋាភិបាល។ ចំពោះការផ្តន្ទាទោសបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី គឺជាការអនុវត្តនូវគោលការណ៍ច្បាប់នៃប្រទេសនីតិរដ្ឋ ព្រោះបុគ្គលរូបនេះបានប្រព្រឹត្តល្មើសទៅនឹងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះខ្លឹមសារសម្ភាន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាងគឺជាការបញ្ចេញកំហឹង សងសឹកទាំងងងឹតងងល់ ពិសេសការពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិ កំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត ព្រោះថាបើសម្ដីទាំងនេះជាការពិតនោះ ម្ល៉េះស្រ្តី ឡុង គឹមហ៊ាង និងស្វាមីឈ្មោះ រ៉ាត់ រ័ត្នមុន្នី មិនអាចមានសេរីភាព ចាកចេញពីប្រទេសកម្ពុជាបានឡើយ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបដិសេធច្រានចោលទាំងស្រុងនូវខ្លឹមសារសម្ភាសន៍រវាងវិទ្យុបរទេសនិយាយភាសាខ្មែរជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង និងចាត់ទុកថា កិច្ចសម្ភាសន៍នេះគឺជាការរៀបចំវេទិកាក្នុងគោលបំណង ទុច្ចរិតបង្កើតឲ្យមានការភ័ន្តច្រលំនិងញុះញង់បង្កឲ្យមានការរើសអើងចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងបំណងរកងចំណេញនយោបាយ និងបង្កអស្ថិរភាពក្នុងប្រទេស​កម្ពុជា។

ប្រភពដដែលបន្តថា តាមរយៈការបំភ្លឺជូនខាងលើសង្ឃឹមថា សាធារណជន ក៏ដូចជាសាធារណៈមតិជាតិ-អន្តរជាតិធ្វើការពិចារណាចំពោះហេតុផល និងវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយពុំមានការភ័ន្តច្រលំ ជឿលង់តាមខ្លឹមសារមួលបង្កាច់ បែបអគតិ ដែលស្ត្រីឈ្មោះ ឡុង គឹមហ៊ាង បានសម្ភាសន៍នោះឡើយ៕ ដោយៈ ពលជ័យ

ads banner