ឯកឧត្តម អូន ព័ន្ធមុន្នរ័ត្ន ណែរនាំដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវរៀបចំផែនការឲ្យម៉ត់ចត់ ដើម្បីជម្រុញការចូលរួមបោះឆ្នោតទៅដោយរលូន
កណ្តាល ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ស្នើរដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រៀមរៀបចំឲ្យបានម៉ត់ចត់ នូវរាល់ការងារ និងវិធានការសំខាន់ៗដែលត្រូវអនុវត្តពីពេលនេះ រហូតដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំណត់ដោយ គ.ជ.ប ដើម្បីត្រៀមឲ្យបានរួចរាល់ នូវរាល់ផែនការសកម្មភាព ដើម្បីជម្រុញការចូលរួមបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារ និងសមិទ្ធផលនានាក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល និងសំណេះ សំណាលជាមួយបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខនេះ នឹងប្រព្រឹត្តទៅស្របតាមអាណត្តិដែលបានកំណត់ គឺជាការអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រៀបចំអង្គការ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ និងផ្អែកទៅតាមបទបញ្ជា និង នីតិវិធីនៃការបោះឆ្នោតរបស់ គ.ជ.ប និងផែនការរួមរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។
ចំពោះបបញ្ហានេះ ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រៀមរៀបចំឲ្យម៉ត់ចត់ នូវរាល់ការងារ និងវិធានការសំខាន់ៗដែលត្រូវអនុវត្តពីពេលនេះ រហូតដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត, ដោយក្នុងនោះបន្តខិតខំធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈម, សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ។ បន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ សំដៅដាក់ចេញនូវគោលការណ៍, វិធានការដោះស្រាយជាក់ស្តែង និងសមស្រប ។
តាមរយៈសកម្មភាពខាងលើនេះ, ត្រូវបន្តខិតខំបំផុសចលនាពង្រីកសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស និងរៀបចំបញ្ចូលសមាជិកថ្មីៗរបស់គណបក្ស ឲ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន ។ ត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកគណបក្សតាមក្រុមបក្សនីមួយៗ ឱ្យបានច្បាស់លាស់ និងត្រូវធ្វើការ
ជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃ, សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និង អ្នកគាំទ្រគណបក្សមកលើគណបក្សប្រជាជនកម្ពុជា ។ រៀបចំក្រុមការងារ ដើម្បីគ្រប់គ្រងការវាយតម្លៃសកម្មភាពឃោសនា, ទាំងមុនពេល និងក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងរៀបចំនូវជួរឃោសនិក និងវាគ្មិនរបស់គណបក្សពីគ្រប់មជ្ឈដ្ឋានអ្នកបោះឆ្នោត នៅតាមភូមិ និងឃុំ/សង្កាត់នីមួយៗ និងត្រូវធ្វើការអប់រំបំពាក់បំប៉នជួរឃោសនិក អំពីខ្លឹមសារ និងរបៀបរបបនៃការឃោសនានានា។
ក្រៅពីនេះត្រូវត្រៀមរៀបចំផែនការ និងប្រតិទិនការងារឃោសនាតាមថ្ងៃនីមួយៗ នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ១៤ ថ្ងៃ រួមទាំងពិធីបើក-បិទ យុទ្ធនាការឃោសនាបោះឆ្នោត, ការដង្ហែក្បួនឃោសនាបោះឆ្នោត ដែលច្បាប់បានអនុញ្ញាតឲ្យធ្វើតែ ២ លើក ក្នុងព្រំប្រទល់ឃុំ/សង្កាត់នីមួយៗ, ការចុះតាមខ្នងផ្ទះ, ការជួបជុំជាមួយអ្នកបោះឆ្នោតតាមភូមិ ឃុំ/សង្កាត់ជាដើម។ ត្រូវធ្វើការណែនាំឃោសនិក, វាគ្មិន, ក្រុមការងារ, មន្រ្តីគណបក្សគ្រប់ថ្នាក់អំពីបទប្បញ្ញត្តិច្បាប់, បទបញ្ជានីតិវិធី និងក្រមសីលធម៌នានាពាក់ព័ន្ធការឃោសនាបោះឆ្នោត និងការបោះឆ្នោត ពិសេសសកម្មភាពដែលច្បាប់បានអនុញ្ញាត មិនហាមប្រាមនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ត្រៀមរៀបចំមធ្យោបាយ, សម្ភារៈ និងថវិកា ដែលទទួលបានពីប្រភពស្របច្បាប់នានា សម្រាប់បម្រើឲ្យផែនការសកម្មភាពនៃយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជម្រុញការចូលរួមបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់ជូនបេក្ខជន ពេញសិទ្ធិ ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ជាង ១ពាន់នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ ៕