ប្រមុខការទូតកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងការបរទេស។ ជំនួបពិភាក្សានេះ គឺសំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី និងចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី។


បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែលសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូនី តាមរយៈកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូនី។ ជំនួបទាំងនេះ នឹងផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។ តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនីជិត ៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។

សូមជម្រាបថា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវជួបពិភាក្សាការងារផងដែរជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ លោកជំទាវនឹងចូលរួមជាអធិបតីជាមួយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្រ្តីកម្ពុជា។ នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់កម្រងផ្កានៅមណ្ឌបតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតាស្ថាបនិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៕
ដោយ៖ពលជ័យ

ads banner