លោក ហ្សេលែនស្គី៖ ប្រទេសលោកខាងលិចដែលគាំទ្រអ៊ុយក្រែន ខ្វះភាពក្លាហានប្រឆាំងនឹងរុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានស្តីបន្ទោសសមាជិកណាតូចំពោះការបដិសេធមិនបញ្ជូនយន្តហោះចម្បាំងដល់ទីក្រុងកៀវ ដើម្បីជួយប្រយុទ្ធជាមួយយោធារបស់រុស្ស៊ី ដោយនិយាយថា អ្នកគាំទ្រអ៊ុយក្រែននៅលោកខាងលិចខ្វះភាពក្លាហានគ្រប់គ្រាន់។
ថ្លែងសុន្ទរកថា តាមរយ:វីដេអូអនឡាញនៅថ្ងៃអាទិត្យពីទីក្រុងកៀវ លោក ហ្សេលែនស្គី បានអំពាវនាវដល់សម្ព័ន្ធមិត្តរបស់លោកឱ្យធ្វើការវាយតម្លៃពីរបៀបប្រគល់យន្តហោះចម្បាំង និងអាវុធការពារផ្សេងទៀត ដោយបន្ថែមថា អ៊ុយក្រែនមិនអាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ីដោយប្រើកាំភ្លើងខ្លី និងកាំភ្លើងយន្តបានទេ។ ជាឧទាហរណ៍ លោកបាននិយាយថា ដើម្បីបំបែកការឡោមព័ទ្ធរបស់រុស្ស៊ីនៅទីក្រុងម៉ារីយូប៉ូលនោះ អ៊ុយក្រែនត្រូវការរថក្រោះ និងរថពាសដែកផ្សេងទៀត ជាពិសេសយន្តហោះចម្បាំង។
ការអះអាងបែបនេះរបស់លោក ហ្សេលែនស្គី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងសុន្ទរកថា នៅទីក្រុងWarsaw កាលពីយប់ថ្ងៃសៅរ៍ ដោយប្រកាសថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននឹងមិនទទួលបានជ័យជំនះទេ ហើយលោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងមិនអាចបន្តកាន់អំណាចបានទៀតនោះដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ ៖ ឈឹម ទីណា





