ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ៖ ការរៀបចំជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានទី៣ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាថ្លែងថា ការរៀបចំទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ រយៈពេល៣ថ្ងៃពីថ្ងៃទី២៥-២៧ ខែមីនានេះបញ្ចប់ដោយជោគជ័យ ដោយទទួលបានការកោតសរសើរពីបណ្តាប្រទេសក្នុងតំបន់ជាសមាជិក ព្រមទាំងទទួលការវាយតម្លៃខ្ពស់ពីសហព័ន្ធកីឡាការ៉ាតេពិភពលោកផងដែរ។
ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា គូសបញ្ជាក់ថា ៖«ការរៀបចំរបស់កម្ពុជាត្រូវបានលោកអគ្គលេខាធិការ សហព័ន្ធការ៉ាតេពិភពលោកបានចុះមកមើល និងបានវាយតម្លៃខ្ពស់ពីការរៀបចំរបស់កម្ពុជា ហើយការកាត់សេចក្តីរបស់អាជ្ញាកណ្តាល-ចៅក្រម ក្នុងការប្រកួតនេះមិនលម្អៀងទេ ពោលគឺកាត់សេចក្តីដោយយុត្តិយធម៌បំផុត ដើម្បីគោលបំណងចម្បងឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងមូលឈានឆ្ពោះចូលទៅអាស៊ី និងពិភពលោក។ គោលនយោបាយសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ខិតខំបណ្តុះការ៉ាតេក្នុងតំបន់ឲ្យបានល្អ ចែករំលែកបទពិសោធឲ្យគ្នាទៅវិញទៅមក ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាការ៉ាតេអាស៊ី និងពិភពលោក»។
ឯកឧត្តមយល់ឃើញថា កីឡាករ កីឡាការិនី រួមទាំងមន្ត្រីនៃគណៈកម្មការបច្ចេកទេសទាំងអស់បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រកួត និងរៀបចំការប្រកួតឲ្យដំណើរការដោយរលូន។ «គណៈប្រតិភូនៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងអស់បានកោតសរសើរចំពោះការរៀបចំធ្វើម្ចាស់ផ្ទះកម្ពុជា។ ជាពិសេសគឺគណៈកម្មការបច្ចេកទេសអន្តរជាតិបានកោតសរសើរពីកម្ពុជាថា រៀបចំបានល្អ ទាំងការទទួលអាហារ ការរៀបចំផ្នែករថយន្តក៏មានលក្ខណៈល្អប្រសើរផងដែរ។ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ យើងជឿជាក់ថា យើងនឹងអាចធ្វើបានបែបនេះ ឬអាចល្អជាងនេះ»។
ពាក់ព័ន្ធនឹងបច្ចេកទេស ក្នុងការដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះជាលើកទី១នេះ ត្រូវបានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា បង្ហាញក្តីរីករាយជាខ្លាំង ដែលអត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង។ «ខ្ញុំនិយាយត្រង់ ខ្ញុំមិននឹកស្មានថា កីឡាករ កីឡាការិនីកម្ពុជាយើងបានឈ្នះមេដាយផង ដោយយើងបានដាក់ក្តីសង្ឃឹមថាបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ប៉ុន្តែកម្ពុជាដណ្តើមបានរហូតដល់មេដាយមាស១គ្រឿង ប្រាក់១ និងសំរឹទ្ធជាច្រើនគ្រឿង»។
ទោះយ៉ាងនេះក្តី ក៏ឯកឧត្តមអនុប្រសហព័ន្ធរូបនេះមិនទាន់ហានវាយតម្លៃសម្រាប់គុណភាពបច្ចេកទេសរបស់អត្តពលិកការ៉ាតេកម្ពុជាចំពោះស៊ីហ្គេមគោលដៅ២លើកចំពោះមុខយ៉ាងណានោះទេ ដោយឯកឧត្តមថាត្រូវពង្រឹងគុណភាពបច្ចេកទេសបន្ថែមទៀត ពីព្រោះថាកម្រិតគុណភាពរបស់វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ីជាដើមនោះ គឺមានភាពល្អប្រសើរច្រើនណាស់។
ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំរបស់មន្ត្រីកម្ពុជាដែលបានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជំរុញឲ្យព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យ។ ក្រុមមន្ត្រីទាំងនេះ ដូចជាគណៈកម្មាធិការជាតិ CAMSOC និងមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជាសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានខិតខំប្រឹងប្រែងជំរុញឲ្យការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះដំណើរការដោយរលូន សម្រាប់មុខមាត់ប្រទេសជាតិ។
ឯកឧត្តមក៏ថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលផ្តល់ការគាំទ្រក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ឲ្យទទួលបានជោគជ័យ។ អ្វីដែលពិសេស គឺអាស្រ័យដោយកត្តាសន្តិភាពជារឿងសំខាន់បំផុត ដែលស្ថាបនិកសន្តិភាព សម្តេតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ៕ ចាន់ វិចិត្រ










