យុវជន១៧ក្រុមចូលរួមប្រកួតប្រជែងក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជនស្រុកល្វាឯម ប្រចាំឆ្នាំ២០២២
ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ប្រចាំឆ្នាំ២០២២ បានដំណើរការប្រកួតផ្លូវការហើយ កាលពីចុងសប្តាហ៍ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១៧ក្រុមមកពី១៧ ឃុំ ក្នុងស្រុកល្វាឯម ។
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម មានប្រសាសន៍ថា ការប្រកួតនេះ រដ្ឋបាលស្រុកល្វាឯម រៀបចំឡើងក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាពរបស់យុវជន ធ្វើយ៉ាងណាឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ។ លោក អភិបាលស្រុក បានគូបញ្ជាក់ទៀតថា ការប្រកួតនេះ ក៏ជាឱកាសមួយជួយផ្សព្វផ្សាយបញ្ជ្រាបអោយយុវជនយល់ដឹងអំពីការការពារជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែរីករាលដាលនៅកម្ពុជាផងដែរ ។
លោក បានបញ្ជាក់ទៀតថា ពានរង្វាន់នេះ ធ្វើដើម្បីស្វែងរកកីឡាករឆ្នើមៗប្រចាំស្រុកល្វាឯម ដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដែលនឹងរៀបចំ ដោយមាន៣ស្រុកចូលរួម និងត្រៀមតំណាងឲ្យស្រុកលេងពានរង្វាន់ថ្នាក់ខេត្តនាពេលខាងមុខនេះ ។
ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន មានប្រសាសន៍ថា ការប្រកួតបាល់ទាត់នេះ អាចដំណើរការទៅបាន ដោយមានភាពអធិកអធមនិងសប្បាយរីករាយ គឺកើតចេញពីសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់កីឡាករ សូមលេងដោយភាពយុត្តិធម៌ ចេះអាធ្យាស្រ័យកយោគយល់គ្នាទៅវិញទៅមក ព្រោះកីឡាចាញ់ឬឈ្នះវាជារឿងធម្មតានោះទេ ។ ដូច្នោះសូមប្អូនៗ ក្មួយៗកីឡាករទាំងអសប្រកួត ដោយប្រកាន់ភ្ជាប់នូវស្មាតីសាមគ្គីភាព មិត្តភាព ។ ឯកឧត្តម អះអាងថា ការប្រកួតបាល់ទាត់នេះ ក្រុមការងាររៀបចំឡើងត្រូវចំណាយថវិកាច្រើន ដើម្បីទទួលបាននូវសុខភាពល្អ បង្កើតទំនាក់ទំនងល្អ បង្កើនកិច្ចសហការល្អពីបណ្តាឃុំមួយទៅឃុំមួយទៀត ក្នុងន័យរិតចំណងមិត្តភាពអោយកាន់តែបន្ថែមទៀត ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ប្រចាំឆ្នាំ២០២២ ក្រុមជើងឯក នឹងបន្តប្រកួតជាមួយក្រុមជើងឯកមកពី២ស្រុកផ្សេងទៀត ពានរង្វាន់ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដើម្បីគ្រងពានធំ ក្នុងចំណោម៣ស្រុក មានស្រុកល្វាឯម ខ្សាច់កណ្តាល និងស្រុកកៀនស្វាយ ៕ អត្ថបទ៖ ជាវ ចន្ធូ














