សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានណែនាំទៅកាន់ គ.ស.អ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ តាមប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍សម្ដែងការកោតសរសើរចំពោះការប្រព្រឹត្តទៅនៃកិច្ចប្រជុំនាពេលនេះ ដែលមានការជួបជុំពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ សម្ដេចបានសម្ដែងការគាំទ្រចំពោះការត្រៀមលក្ខណៈបំពេញភារកិច្ចចាំបាច់របស់លេខាធិការដ្ឋាន គ.ស.អ ហើយសម្ដេចក៏រំពឹងថា កិច្ចប្រជុំរបស់ គ.ស.អ នាថ្ងៃនេះ នឹងអាចរៀបចំឡើងនាពេលបន្ទាប់ទៀត ដើម្បីស្ដាប់ការបញ្ជាក់ឡើងវិញអំពីលទ្ធផលការងារលេខាធិការដ្ឋាន។ សម្ដេចពិជ័យសេនាក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះគណៈបញ្ជាការឯកភាពរាជធានីខេត្ត ដើម្បីត្រៀមលក្ខណៈបែងចែកកម្លាំងទៅកាន់ការិយាល័យបោះឆ្នោត ឬទីតាំងពាក់ព័ន្ធឱ្យបានជាក់លាក់ ក្នុងនោះប្រសិនបើប្រើកម្លាំងបន្ថែមក៏គួរតែទាមទារការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ដើម្បីធានាការបំពេញភារកិច្ចស្របតាមច្បាប់ និងបញ្ចៀសបានការប្ដឹងផ្តល់ដែលតែងតែកើតមានជារឿយៗក្នុងដំណើរការបោះឆ្នោត។

រីឯសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាន៍គាំទ្រទាំងស្រុងចំពោះមតិយោបល់លើកឡើងរបស់សម្ដេចពិជ័យសេនា និងបានបន្ថែមថាទាក់ទងនឹងការប្រជុំលេខាធិការដ្ឋានដើម្បីធ្វើការងារនេះលម្អិតបន្ថែមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ប្រធានលេខាធិការដ្ឋាននឹងដំណើរការប្រជុំនៅរសៀលថ្ងៃទី២៨ ខែមីនានេះតែម្ដង តាមប្រព័ន្ធវីដេអូ។ សម្ដេចក៏គាំទ្រសំណើសម្ដេចពិជ័យ ដើម្បីត្រៀមបើកកិច្ចប្រជុំនេះបន្តទៀត ដោយសម្ដេចបានណែនាំឱ្យលេខាធិការត្រៀមលក្ខណៈប្រជុំឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថាគោលដៅការពារក្នុងដំណើរការបោះឆ្នោតនេះមានច្រើនទីតាំង ក្នុងនោះបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សម្ដេចបានឯកភាពឱ្យប្រើកម្លាំងប្រជាការពារ ដើម្បីជួយគាំទ្រក្នុងការរក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដោយមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួន។ សម្ដេចបន្តថា គ្រប់កម្លាំង និងមន្រ្តីមុខងារសាធារណៈទាំងអស់ ត្រូវតែប្រកាន់អព្យាក្រឹត្យភាព ការពារគ្រប់សកម្មភាពរបស់គណបក្សនយោបាយ ហើយមន្រ្តីនយោបាយទាំងអស់ក៏មិនត្រូវប្រើធនធានរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយដែរ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសានាពេលកន្លងមក និងអនាគត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងប្រកបដោយមោទកភាព ព្រមទាំងជាការបង្ហាញឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្តអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចបន្តថា គោលបំណងរបស់ គ.ស.អ រួមមាន ចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព ធានាឱ្យបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត្យ ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង ការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងធានាឱ្យបាននូវសុវត្ថិភាពទាំងស្រុង និងផ្តល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជាដើម។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសសាន៍ណែនាំមួយចំនួនទៅកាន់ គ.ស.អ ដែលមានសមាសភាពមកពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តដែរនោះ ត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឱ្យបានហ្មត់ចត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ហើយទន្ទឹមនោះក៏ត្រូវខិតខំទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឱ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាពសង្គម នៅក្នុងដំណាក់កាលទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner