បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកំពត ប្រចាំឆ្នាំសិក្សា ២០២១-២០២២
ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តកំពត ប្រចាំឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីរកឃើញម្ចាស់ជ័យលាភីលើប្រភេទកីឡាអត្តពលកម្ម បាល់បោះ បាល់ទះ បាល់ទះនិងបាល់ទាត់។
លោក ណុប ណាប់ ប្រធានការិយល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមជ្រើសរើសជើងឯកទូទាំងខេត្តកំពតនេះប្រតិភូ គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីសរុប ៧៧៧ នាក់ គ្រូបង្វឹកសរុប ១៣២នាក់ មកពី៩ក្រុង-ស្រុកបានចូលរួម។
តាងនាមគណៈកម្មការរៀបចំការប្រកួត លោកបានសម្តែងនូវមនោសញ្ចេតនារីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម និងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមអបអរសាទរក្នុងពិធីបិទការប្រកួតនេះ ដើម្បីផ្តល់នូវកម្លាំងចិត្តដល់កីឡាករ និងកីឡាការនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ ចិត្ត សមត្ថភាព ទេពកោសល្យបច្ចេកទេសដែលខ្លួនមានរហូតដល់ដណ្តើមបានជោគជ័យគួរជាទីមោទនៈ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនេះ លោក ណុប ណាប់ សង្កេតឃើញថា កីឡាករ កីឡាការិនីទាំងអស់ចូលរួមប្រកួតឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍បញ្ញត្តិ និង បទបញ្ជាបច្ចេកទេសក្នុងការប្រកួតបានយ៉ាងល្អប្រសើរផងដែរ។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមានប្រសាសន៍ថា ការរៀបចំការប្រកួតនេះទទួលបានជោគជ័យដ៏ល្អប្រសើរគួរឲ្យមានមោទនភាពក្រៃលែង ជាពិសេសទៅទៀតសូមថ្លែងអំណរគុណអង្គភាព មន្ទីរជុំវិញខេត្តបានចូលរួមកិត្តិយសក្នុងកម្មវិធីប្រកួតនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់បំផុតនោះឡើយ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏បានកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កំលាំងកាយចិត្ត មិនគិតពីការនឿយហត់ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និង ជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ៕ ចាន់ វិចិត្រ










