ភ្លៀង និងខ្យល់កន្ត្រាក់មួយមេធំបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ចំនួន ៧ខ្នង រងការខូចខាត ខ្លះបាក់រាបដល់ដី និងខ្លះរបើកដំបូលនិងជញ្ជាំង
ខេត្តកំពង់ឆ្នាំង ៖ ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឱ្យ ផ្ទះប្រជាពលរដ្ឋចំនួន ៧ ខ្នងផ្ទះ នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខ្លះបានរលំបាក់រាបដល់ដី និងខ្លះរបើកដំបូល និងប៉ើងជញ្ជាំង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០ នាទី ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណជាង ៤រសៀល ថ្ងៃទី២៧ ម្សល់ម៉ិញ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ប៉ះទៅចំភូមិដំរឹប បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង បានរងការខូចខាត ដោយខ្លះបាក់រៀបដល់ដី ខ្លះរបើកដំបូលនិងជញ្ជាំង។ ក្នុងនោះមានផ្ទះរបស់ឈ្មោះ ហ៊ុ សារិទ្ធ រងការខូចខាតធ្ងន់ជាងគេ។
ផ្ទះនោះធ្វើអំពីឈើ ប្រក់ដំបូលស៊ីប្រូ បានរលំបាក់ទាំងស្រុង សង្កត់ទៅលើគោយន្ត ១គ្រឿងបណ្ដាលឲ្យរងការខូចខាត ។ ក្រៅពីនោះផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងផ្ទះទៀតបានរងការ ខូចខាត ដោយរបើកដំបូល របើកជញ្ជាំង ដែលខ្លះប្រក់ក្បឿង ប្រក់សង្កសី និង ប្រក់ស៊ីប្រូជាដើម ។
ចំពោះផ្ទះដែលរងការខូចខាតខាងលើ នៅព្រឹកនេះកម្លាំងអធិការនគរបាលស្រុកទឹកផុស រួមនិងនគរបាលប៉ុស្តិ៍ មូលដ្ឋានបានចុះជួយរុះរើ ជូនពួកគាត់ ។ ដោយឡែក លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ថ្ងៃស្អែកកាកបាទក្រហមខេត្តកំពង់ឆ្នាំងនឹងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំអំណោយមួយចំនួនទៅផ្តល់ជូនគ្រួសាររងគ្រោះខាងលើនោះផងដែរ ៕ សុខ គឹមសៀន