ឯកឧត្តម វង សូត អញ្ជើញសម្ពោធអគារសាលាឃុំក្រែកនិង សមិទ្ធផលនានា
ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាឃុំក្រែក ផ្លូវ បេតុង និងខ្លោងទ្វាររដ្ឋបាលឃុំក្រែក ស្រុកពញាក្រែក។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានរំលឹកថា ក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសន្តិភាពពេញលេញ មានស្ថិរភាព និង មានការអភិវឌ្ឍរីកចម្រើន ។ ជីវភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រូវបានលើកកម្ពស់។ ពិសេសអំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ ជីវិតប្រជាជនត្រូវ បានយកចិត្តទុកដាក់តាមរយៈនយោបាយស្រោចវ៉ាក់សាំងដែលជាការសម្រេចចិត្តដ៏ឈ្លាសវៃនិងប្រកបដោយ ចក្ខុវិស័យ របស់សម្តេចតេជោ ។
ទន្ទឹមនេះឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់ក្រុមប្រឹក្សាឃុំ អាជ្ញាធរ ស្រុក និងមន្ត្រីមូលដ្ឋានទាំងអស់ក្នុងស្រុកពញាក្រែក នេះ ត្រូវធ្វើយ៉ាងណា បំពេញតួនាទីបម្រើសេវាសាធារណៈ ជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យល្អប្រសើរ ឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែកបានឲ្យដឹងថា អគារសាលាឃុំក្រែកដែលសម្ពោធនាឱកាសនោះ គឺត្រូវបានក សាងឡើងក្រោមគម្រោងអគារសាលាឃុំរបស់ក្រសួងមហាផ្ទៃដែលចាប់ផ្ដើមបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ និង បញ្ចប់សាលានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ដោយគម្រោងប្លង់សាងសង់ សាលាឃុំមានតែ តួអគារ នៅខ្វះខាតសំណង់រចនាសម្ព័ន្ធបំពេញបន្ថែម និងការ បំពាក់នូវគ្រឿងបរិក្ខារផ្សេងៗ នោះ ទើបរដ្ឋបាលឃុំក្រែក បាន សម្រេច រៀប ចំសោភ័ណភាព និងកសាងសមិទ្ធផលនានា បន្ថែម ទៀត ដូចជាការចាក់ដីបំពេញទីធ្លា ការតបណ្ដាញ អគ្គិសនី និងអំពូលសូឡាបំភ្លឺពេលរាត្រី ក្រាលការ៉ូបាតអគារ ខួងអណ្ដូងទឹក សាងសង់បន្ទប់ទឹក សាងសង់ផ្លូវបេតុង សង់ របង ព័ទ្ធជុំវិញ សង់ខ្លោងទ្វារមុខ និងបំពាក់សម្ភារការិយាល័យ នៅក្នុងសាលាឃុំជាដើម។
លោកបន្តថា ការសាងសង់ចំណាយថវិការសរុបចំនួន ១៣១,៣៨០,០០០រៀល និង២,០៧៤ដុល្លារអាមេរិក។ ក្នុងនោះទទួលបានការឧបត្ថម្ភពីឯកឧត្តម វង សូត និង លោក ជំទាវ ចំនួន៦២,៣៦០,០០០រៀល ឯកឧត្តម ជា ចំណាន ប្រធានក្រុមការងារចុះជួយឃុំក្រែក និងលោកជំទាវ ចំនួន២៧,៩៦០,០០០រៀល និង២,០៧៤ដុល្លារ លោក ឧកញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ខេមបូឌា ខូអិល ធីឌី និងលោកជំទាវ ចំនួន១០,០០០,០០០រៀល និងលោក វង វ៉ាន់ស៊ាន មេឃុំក្រែក រួមជាមួយលោកស្រី សមាជិកក្រុម ប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិក្នុងឃុំក្រែក ចំនួន១២, ៥០០,០០០រៀល និងថវិការបស់សប្បុជន ជិត ឆ្ងាយចំនួន ១៨,៥៦០,០០០រៀល។
គួរបញ្ជាក់ថា ពិធីសម្ពោធបានប្រព្រឹត្តធ្វើកាលពីព្រឹកថ្ងៃ ទី២៨ ខែមីនាឆ្នាំ២០២២នេះ៕
ដោយ ៖ហេង សម្បត្តិ