សារាចរណែនាំ ស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក
ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរ កម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ នាថ្ងៃ១៣-១៤-១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖
១. ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទំលាប់ប្រពៃណី ទៅតាមលទ្ធភាពជាក់ស្តែង។
២. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣. ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។
៤. ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។
៥. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៦. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឲ្យបានទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ។
ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕ ចាន់ វិចិត្រ