គជបដាស់តឿនមន្ត្រីសាធារណៈមិនត្រូវប្រើសម្ភារៈក្នុងការបំរើផលប្រយោជន៍គណបក្ស ឡើយ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងដាស់តឿនមន្ត្រីសាធារណៈទាំងអស់ មិនត្រូវប្រើប្រាស់សម្ភារៈរបស់រដ្ឋក្នុងការប្រើប្រាស់សម្រាប់បំរើគណបក្សនយោបាយឡើយ។ សម្តីដាស់តឿននេះ បានធ្វើឡើងនៅថ្ងៃទី២៨មីនានេះ ក្នុងឱកាសប្រជុំផ្សព្វផ្សាយ ផែនការ អន្តរស្ថាប័នស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និង ការ បោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូអនឡាញកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ច័ន្ទ បានថ្លែងថា ដើម្បីធានាឱ្យ ការឃោសនាបោះឆ្នោត និងការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយ ស្មើភាព និងគ្មានការគំរាមកំហែង លោកសូមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ត្រូវ គោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្ស នយោបាយឱ្យបានហ្មត់ចត់។
លោកបានថ្លែងថារាល់ការបំរើសកម្មភាពការងារបក្សរបស់ខ្លួន ត្រូវហាមយកសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន របស់រដ្ឋ ក្នុងការបម្រើផលប្រយោជន៍គណ បក្សនយោបាយ។ កម្ពុជានឹងឈានដល់ការបោះ ឆ្នោតឃុំសង្កាត់អាណ្ណត្តិទី៥ នៅថ្ងៃទី៥មិថុនា ខាងមុខនេះហើយ។