អាជ្ញាធរខេត្តព្រះសីហនុប្រកាសចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ជូនប្រជាពលរដ្ឋ ដែលមានក្បាលដីនៅភូមិ១ ភូមិ២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសប្រាប់ប្រជាជនជាផ្លូវការក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានប្រជាជនជាម្ចាស់ក្បាលដីនៅតំបន់គោលដៅចូលរួមយ៉ាងច្រើនកុះករ ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ លើកឡើងថា ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)បានទាមទារនូវការចូលរួមពីប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ទាំងដីរដ្ឋ និងដីឯកជន។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋាន មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយជួយធ្វើការបញ្ជាក់នូវលិខិតស្នាមផ្សេងៗជូនដល់ប្រជាពលរដ្ឋ សម្រាប់ផ្តល់ជូនទៅឲ្យមន្ត្រីចុះបញ្ជីដីធ្លី។ម្ចាស់ដីត្រូវតែចូលរួមពិនិត្យការបិតផ្សាយការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) រយៈពេល ១៥ថ្ងៃនេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ។
ការចុះបញ្ជីដីធ្លីទាមទារឲ្យម្ចាស់ក្បាលដី ឬអ្នកកាន់កាប់ដី មកចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញព្រំប្រទល់ក្បាលដីរបស់ខ្លួនដោយបានបោះបង្គោលព្រំដីជាមុន និងមានការព្រមព្រៀងគ្នាជាមួយអ្នកដែលមានព្រំប្រទល់ជាប់ យកមកជាមួយនូវឯកសារសំគាល់ខ្លួន និងឯកសារពាក់ព័ន្ធនឹងក្បាលដីចាំបាច់ គឺសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតផ្ទេរសិទ្ធិ លិខិតលក់ផ្តាច់អំណោយផ្តាច់ សាលក្រមតុលាការ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលបានចេញជូនដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កន្លងមក ពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួនមកបង្ហាញដល់មន្ត្រីជំនាញ ដើម្បីធ្វើការកត់ត្រាក្នុងការធ្វើអត្តសញ្ញាណក្បាលដី អត្តសញ្ញាណម្ចាស់ដី និងសិទ្ធិរបស់ម្ចាស់ដីដែលមាននៅលើដីនោះ នៅលើរូបថតពីលើអាកាស និងនៅលើទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងថា ប័ណ្ណកម្មសិទ្ធិ គឺជាទ្រព្យរបស់លោកអ្នក ជាឯកសារគតិយុត្តមួយដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋដែលមិនមានជនណាម្នាក់មកដកហូត ឬរំលោភយកបានឡើយ។ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា កន្លងមកបានធ្វើការចុះបញ្ជីដីជូនប្រជាពលរដ្ឋចំនួន ១០៨.៨៩៧ក្បាលដី សម្រេចចេញប័ណ្ណបានចំនួន ៨៧.៣២៧ប័ណ្ណ ចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ៧៨.៤៨៩ប័ណ្ណ។
យោងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងបានជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដី ហើយរដ្ឋអាចគ្រប់គ្រងដីធ្លីបាន ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីនិងកាត់បន្ថយទំនាស់ដីធ្លីធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ការវិនិយោគឬចាត់ចែងប្រើប្រាស់ផ្សេងៗនិងលើកស្ទួយជីវភាពរស់នៅ ៕ ដោយ ៖ ខៀវ សាវ៉ុន