ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រហារពួកក្បត់ជាតិ សម រង្ស៊ី
កំពង់ចាម៖ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិសាអំបុក ៩ វិច្ឆិកា គឺដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ អំបុកសន្តិភាព អំបុកដើម្បីជាតិ អំបុកដើម្បីប្រជាជន អំបុកដូនតា ប្រហារពួកក្បត់ជាតិ សម រង្ស៊ី ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព «ពិធីពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» ដែលបានរៀបចំឡើងនៅក្នុងឃុំជ្រៃវៀន នៃស្រុកព្រៃឈរ និងឃុំសំបូរ នៃស្រុកបាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១៣០០នាក់ ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គី និងការឯកភាពរវាងក្រុមការងារថ្នាក់ជាតិ ជាមួយអាជ្ញាធរ និងប្រជាជននៅក្នុងស្រុកទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ការរៀបចំពិធីពិសាអំបុក គឺជាយុទ្ធនាការពិសេស ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ និងបានរំលឹកជាបន្តបន្ទាប់ សូមបងប្អូនជនរួមជាតិ កុំភ្លេចថ្ងៃ៩វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៏ជាថ្ងៃយើងជួបជុំគ្នាទទួលទានអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីឧបាយកលទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលបានប្រកាសបោកបញ្ឆោតឱ្យបងប្អូនមកទទួលជនក្បត់ជាតិនេះ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាការវិលត្រឡប់មកកម្ពុជាវិញ អំពាវនាវជាជំហរឱ្យកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រកាសចេញយន្តការដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបានប្រើពាក្យសម្តីប្រមាថលើអង្គព្រះមហាក្សត្រ។ ទណ្ឌិត សម រង្ស៊ី គឺភូតកុហក ទាញប្រជាភិថុតពីសំណាក់មេដឹកនាំពួកគេតែប៉ុណ្ណោះ និងទណ្ឌិតរូបនេះ មានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលកម្ពុជាឡើយ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចាញ់បោកការឃោសនាប្រកបដោយល្បិចកលពឹសពុលរបស់ សម រង្ស៊ី និងបក្ខពួក ជំនួសមកវិញត្រូវរក្សាភាពស្ងប់ស្ងៀម ដើម្បីគេចផុតពីការប្រឈមមុខតាមផ្លូវច្បាប់ ហើយត្រូវរួបរួមកម្លាំងសាមគ្គី ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររបបប្រជាធិបតីសេរីពហុបក្ស ថែរក្សាការពារសុខសន្តិភាព ស្ថេរភាពសង្គម សំដៅបង្កបរិយាកាសដល់ការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជាបន្តបន្ទាប់ទៀត៕ធ.ដ