មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ សិស្ស និស្សិតរបស់កម្ពុជាកាន់តែច្រើនឡើង មានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ

ភ្នំពេញ៖ បច្ចុប្បន្នសិស្ស និស្សិតរបស់កម្ពុជាកាន់តែច្រើនឡើង មានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អគួរឱ្យកោតសរសើរ និងសារទរក្រៃលែង។ រហូតមកដល់ពេលនេះ វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាព២សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការកែលម្អ បង្កើនសមត្ថភាព ដើម្បីអាចឈានទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។

នេះជាការបញ្ជាក់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ស សុខា បានបញ្ជាក់ទៀតថា លោកគ្រូ អ្នកគ្រូ ក្រៅពីបង្ហាត់បង្រៀន ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការធ្វើចរាចរ ក៏ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ជាពិសេសនៅក្នុងបរិការណ៍ នៃជំងឺកូវីដ-១៩ នេះ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀន លោកគ្រូ អ្នកគ្រូ ថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងអប់រំទូន្មាន តម្រង់ទិសសិស្សានុសិស្ស ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។ សូមគោរពជូនពរ និងជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ចៀសផុតពីជំងឺកូវីដ-១៩ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ពលជ័យ

ads banner