ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ Great Event Enduro Cross Challenge Championship ឆ្នាំ២០២២ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ Great Event Enduro Cross Challenge Championship ឆ្នាំ២០២២ ទទួលបានគោលការណ៍អនុញ្ញាតពីសហព័ន្ធកីឡាយានយន្ត ដើម្បីជួយអភិវឌ្ឍលើវិស័យកីឡាយានយន្ត និងចូលរួមផ្សព្វផ្សាយទេសចរណ៍ នៃកីឡាយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រណាំងពេញមួយថ្ងៃ នៅទីលានក្បែរពហុកីឡដ្ឋានជាតិមរតកតជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ បានអោយដឹងថា នេះជាឆ្នាំទី៥ ដែលក្រុមការងារបានរៀបចំ ព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃ Great Event Enduro Cross Challenge Championship ដើម្បីផ្តល់ឪកាសអ្នកស្រឡាញ់ម៉ូតូត្រៃ បានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាព និងលើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា អោយកាន់តែរីកចំរើនដូចបណ្តាប្រទេសជិតខាង និងពិភពលោក ។ លោក បន្តថា ៤លើកកន្លងទៅទទួលបានការគាំទ្រខ្លាំង ប៉ុន្តែដោយសារបញ្ហាជម្ងឺកូវីដ-១៩ បានធ្វើព្រឹត្តិការណ៍នេះ ត្រូវបានលើកពេល ទើបតែធ្វើឡើងជាថ្មី ក្នុងឆ្នាំ២០២២នេះ ជាមួយនឹងការឧបត្ថម្ភ គាំទ្រយ៉ាងច្រើនពីបណ្តាក្រុមហ៊ុនជាដៃគូ ព្រមទាំងកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ។
ដោយឡែកលោក Pily Vong អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា កោតសរសើរចំពោះក្រុមការងារព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ រៀបចំបានយ៉ាងល្អ តាមតម្លាភាព យុត្តិធម៌ អ្នកជិះបានគោរពច្បាប់ ជាពិសេសសុវត្ថិភាពដល់អ្នកចូលរួមប្រណាំងម៉ូតូទាំងអស់ ។ លោកអនុប្រធាន បន្ថែមថា ព្រឹត្តការណ៍នេះមិនត្រឹមតែផ្តល់ឪកាសកីឡាករអាជីព ពាក់កណ្តាលអាជីពប៉ុណ្ណោះទេ ថែមទាំងផ្តល់ភាពសប្បាយរីករាយ ដល់កុមារតូចៗ កសាងសមត្ថភាពអោយក្លាយជាកីឡាករ កីឡាការិនីសក្តានុពល សម្រាប់សហព័ន្ធនាថ្ងៃអនាគតផងដែរ ។ ជាចុងក្រោយ លោក Pily Vong អំពាវនាវដល់ក្រុមហ៊ុនឯកជន សូមជួយឧបត្ថម្ភ គាំទ្រព្រឹត្តិការណ៍នេះ បន្តទៀត ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃ Great Event Enduro Cross Challenge Championship ឆ្នាំ២០២២ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមសរុប១៤០នាក់ ចែកចេញជា៦ CLASS ។ ចំពោះលទ្ធផលវិញ CLASS A កីឡាករ ជា លីឃាង លេខ១ កីឡាករ តក់ លេខ២ កីឡាករ លុច លេខ៣ កីឡាករ ជា ដែននី លេខ៤ និងលេខ៥ កីឡាករ ប្រាក់ កាលីន ៕
ចាន់ វិចិត្រ