កម្ពុជានឹងរៀបចំទស្សនីយភាព១២នាទី នឹងក្លាយជាមេដែកទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការសម្តែងទស្សនីភាពរបស់ក្រុមសិល្បៈករ ក្រុមកីឡារយៈពេល១២នាទី នៅក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមនឹងក្លាយជាមេដែកមួយ ក្នុងការទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ CAMSOC នៅព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា តាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានឲ្យរៀបចំកិច្ចប្រជុំជំនាញ ក្នុងការត្រួតពិនិត្យឡើងវិញនូវការរៀបចំសម្តែងទទួលទង់ស៊ីហ្គេម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម នៅក្នុងឱកាសបិទការប្រកួតស៊ីហ្គេម ជាផ្លូវការ។ «យើងប្រឹងប្រែងធ្វើយ៉ាងណាជំរុញឲ្យការសម្តែងទស្សនីយភាពរយៈពេល១២នាទីនេះក្លាយជាមេដែកមួយ ក្នុងការទាក់ទាញបណ្តាប្រទេសទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ឲ្យរង់ចាំមកចូលរួមគាំទ្រ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»។

ការត្រៀមសម្តែងនេះបានឆ្លងថ្នាក់ដឹកនាំច្រើនលើកមកហើយ ដោយកិច្ចប្រជុំថ្ងៃនេះ គឺជាការពិនិត្យឡើងវិញបន្ថែម និងពន្លឿនផែនការនេះឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្តមបានទទួលយកព័ត៌មានពាក់ព័ន្ធនឹងពិធីបិទរបស់ស៊ីហ្គេមវៀតណាមអំពីពេលវេលា ទីតាំងពិធី និងការរៀបចំរបៀបរបបអ្វីខ្លះ ហើយខ្ញុំបានទៅទស្សនកិច្ចដោយផ្ទាល់ នៅកីឡដ្ឋានក្នុងសាលត្រៀមពិធីបិទនោះ កាលពីពេលកន្លងទៅថ្មីៗដែរ មិនមែនរៀបចំនៅក្នុងកីឡដ្ឋានធំនោះទេ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅក្នុងការសម្តែងរបស់ក្រុមសិល្បៈករ ក្រុមកីឡាករកម្ពុជាបានត្រៀម៤០នាក់ និង២០នាក់ទៀត ជាគ្រូ អ្នករៀបចំបច្ចេកទេស សរុប៦០នាក់។ ក្រុមសម្តែងនឹងហ្វឹកហាត់ជុំគ្នា ក្នុងរង្វង់១ខែមុនពេលចេញដំណើរទៅចូលរួមពិធិបិទស៊ីហ្គេម នៅវៀតណាម។ «ដូច្នេះការធ្វើវីដេអូសម្រាប់ការចាក់ផ្សាយ និងការសម្តែងរបស់ក្រុមកម្ពុជាត្រូវឲ្យស៊ីគ្នា និងទាក់ទាញបំផុត។ ផែនការត្រៀមសម្តែងនេះ ទទួលណែនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ថោង ខុន រួចរាល់ហើយ រួមទំាងការខិតខំប្រឹងប្រែងអស់ពីកម្លាំកាយចិត្តពីឯកឧត្តមព្រឹទ្ធាចារ្យ ក្រុមជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ដើម្បីជំរុញឲ្យទស្សនីយភាពដ៏មានសារៈសំខាន់មួយនេះទទួលបានការគាំទ្រពីអន្តរជាតិ»។

អ្វីដែលសំខាន់នៅក្នុងខ្លឹមសារ និងការសម្តែងបើកការស្វាគមន៍ឆ្ពោះមកស៊ីហ្គេមកម្ពុជានេះនឹងរំលេចចេញនូវការរីកចម្រើន គោលដៅទេសចរណ៍ធំៗរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានអះអាងដែរថា «ការរៀបចំពិធីសម្តែងនេះគឺរៀបចំយ៉ាងហ្មត់ចង់បំផុត ជាពិសេសនៅក្នុងពិធីសម្តែង និងពិធីប្រគល់-ទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមមកស៊ីហ្គេមកម្ពុជានឹងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់របស់កម្ពុជា គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយសម្តេចពិជ័យសេនានឹងអញ្ជើញទទួលទង់ដោយផ្ទាល់។ ជាមួយគ្នានោះ ម្ចាស់ផ្ទះ វៀតណាម នឹងទទួលបដិសណ្ឋារកិច្ចពិសេស ដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ»។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ទៀតថា ម្ចាស់ផ្ទះ វៀតណាម បានផ្តល់ភាពកក់ក្តីជូនម្ចាស់ផ្ទះស៊ីហ្គេមបន្តវេនកម្ពុជា ដែលចូលរួមប្រកួត និងជួយផ្ទេរចំណេះដឹង បទពិសោធន៍ ដើម្បីជួយជ្រោមជ្រែងដល់ការរៀបចំជាលើកដំបូងរបស់កម្ពុជា។

សូមបញ្ជាក់ថា ការសម្តែងទស្សនីយភាពរយៈពេល១២នាទីនេះមានការសម្តែងរបាំ ការបង្ហាញពីស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ស៊ីហ្គេម ២០២៣ «កីឡារស់ក្នុងសន្តិភាព» ចម្រៀងស្វាគមន៍ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់មកស៊ីហ្គេមនៅកម្ពុជា និងការសម្តែងក្បាច់គុនល្បុក្កតោ ដែលបង្ហាញពីប្រភេទកីឡាអត្តសញ្ញាណជាតិកម្ពុជា នៅក្នុងពិធីជាប្រវត្តិសាស្ត្រមួយនេះ ឆ្ពោះមកកម្ពុជា ក្នុងស៊ីហ្គេម នាខែឧសភា ២០២៣៕ ចាន់វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner