រដ្ឋបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋសំអាតអនាម័យបរិស្ថានជាប្រចាំចៀសវាងការបោះចោលសំរាមពាសវាលពាសកាល

សៀមរាប៖ រដ្ឋបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋសំអាតអនាម័យបរិស្ថានជាប្រចាំចៀសវាងការបោះចោលសំរាមពាសវាលពាសកាល
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ អាជ្ញាធរក្រុងសៀមរាបសហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស បានរួមគ្នាក្នុងយុទ្ឋនាការបោសសំអាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប និងដើម្បីអបអរសាទរនូវសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែដែលបានស្ថាបនានិងសាងសង់រួចរាល់ជាស្ថាពរដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបមានប្រសាសន៍ថា យុទ្ធនាការសំអាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងនេះគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យមានសម្រស់ស្រស់ស្អាត ទីក្រុងគ្មានសំរាម និងដើម្បីអបអរសាទរនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែដែលបានស្ថាបនា និងសាងសង់រួចរាល់ជាស្ថាពរដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ខែមេសាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។

លោកអភិបាលក្រុងបន្តថា៖នេះក៍ជាយុទ្ធនាការសៀមរាបផ្ទះខ្ញុំក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីបង្ហាញពីភាពស្រឡាញ់បរិស្ថានស្អាត សមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និងពង្រីកនូវគំនិតស្រឡាញ់បរិស្ថានដែលជាអត្តសញ្ញាណរបស់ សៀមរាបផ្ទះខ្ញុំ ឱ្យកាន់តែធំទូលាយទៅដល់មហាជនគ្រប់ស្រទាប់ឱ្យស្រឡាញ់បរិស្ថានគ្រប់ៗគ្នា ដោយចាប់ផ្តើមគ្មានសំរាមរាយប៉ាយនៅមុខផ្ទះរៀងៗខ្លួន។

ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត បានបង្ហាញនូវមោទនភាពដែលក្រុងសៀមរាបទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែជាកាដូដ៍ពិសេសពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវគុណូបការៈដ៍ថ្លៃថ្លារបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រី ទោះបីកម្ពុជារងនូវផលប៉ះពាល់ដោយសារការីករាលដាលនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យចរន្តសេដ្ឋកិច្ចទូទាំងប្រទេសថយចុះនូវប្រាក់ចំណូលក្តី តែសម្តេចតេជោសែន នៅតែពុះពារសម្រេចចិត្តផ្តល់នូវកញ្ចប់ថវិកាកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងប្រព័ន្ធលូបង្ហូរទឹក កែលំអរដងស្ទឹងសៀមរាប និងកែលំអរ ស្ថាបនាឱ្យមានផ្លូវសម្រាប់ថ្មើជើង ផ្លូវជិះកង់ និងជំរាលសម្រាប់ជនមានពិការភាពទៀតផង។

ឯកឧត្តម មានប្រសាសន៍ថា៖សមិទ្ធផលដ៍ធំធេង និងថ្លៃថ្លាដែលសម្តេចប្រគល់ឱ្យនេះជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងការសម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងទទួលបានការផ្តល់ជាមតិយោបល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ហើយសមិទ្ធផលទាំងនេះ គឺសម្រាប់បម្រើឱ្យប្រជាពលរដ្ឋទាំងអស់គ្នា។

ឯកឧត្តម គុជ លីណា ក៍បានអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសអាជីករ និងម្ចាស់អាជីវកម្មដ្ឋាននានាដែលកំពុងប្រកបអាជីវកម្មតាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុងដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់និងលំនៅដ្ឋានឯកជនក្តី សូមចូលរួមសំអាតជាប្រចាំដោយការបោសសំអាតនិងវេចខ្ចប់សំណល់សម្រាមដាក់ទៅតាមធុងតាមគោលដៅនិងរួសរាន់បញ្ចេញសម្រាមទៅតាមម៉ោងកំណត់ដែលអាជ្ញាធរក្រុងនិងមន្ទីរបរិស្ថានបានកំណត់ ពោលគឺក្នុងក្រុងត្រូវប្រមូលសំរាមដាក់ក្នុងធុងនៅពេលយប់៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner