សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឯកឧត្តម Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ ឯកឧត្តម Pablo Kang បានគោរពជូនសម្ដេចតេជោ នៅលិខិតរបស់ឯកឧត្តម ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី គោរពជូនសម្ដេចតេជោ ក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ។ ឯកឧត្តម បានធ្វើការអត្ថាធិប្បាយអំពីអត្ថន័យនៃលិខិតរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីអូស្ដ្រាលី ដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម Pablo Kang បានគោរពជម្រាបជូនសម្តេចតេជោថា ទី១-អូស្រាលី នឹងផ្ដល់ជំនួយទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាសាំង Pfizer, ទី២- គោរពជម្រាបជូនសម្តេចតេជោថាអូស្ត្រាលី នឹងបើកប្រទេសឡើងវិញនូវពីរសប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី អនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ធ្វើតេស្តកូវីដ-១៩ទៀតទេ និងទី៣- អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិតកសិផលក្នុងការនាំចេញទៅប្រទេសក្រៅតាមរយៈ AFTA ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Pablo Kang ដែលបាននាំនូវលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ស្គុត ម៉ូរីសុន មកជូនសម្ដេចតេជោ ។
សម្តេចតេជោមានប្រសាសន៍ថា កម្ពុជា តែងវាយតម្លៃខ្ពស់ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនពេលកម្ពុជាទទួលឯករាជ្យ ដោយឡែកអូស្ត្រាលី បានទទួលស្គាល់កម្ពុជា មុនកម្ពុជា ទទួលបានឯករាជ្យ ហើយជាចរន្តជំរុញឲ្យកម្ពុជា ទទួលបានឯករាជ្យពីបារាំង។
សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរចំពោះរដ្ឋាភិបាលអូស្ត្រាលី ចំពោះការគ្រប់គ្រងការរីករាលដាលជំងឺកូវី19 និងបើកប្រទេសឡើងវិញនូវពីរសប្តាហ៍ខាងមុខនេះ ហើយក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង ទូរត្រជាក់វ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូ ជាពិសេស លើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជម្រុញចង្វាក់ផលិតកម្មសម្រាប់ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា តាមរយៈ AFTA ។
សម្តេច ក៏បានស្នើដល់ឯកឧត្តម Pablo Kang ពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ ៕
ដោយ :វណ្ណលុក