គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បង្កើនចំនួនគណៈអភិបាល (Video Inside)
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ដែលបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគណរដ្ឋមន្ត្រីអនុម័តនៅថ្ងៃ១មេសានេះនិងបញ្ជូនបន្តទៅកាន់ ស្ថាប័នរដ្ឋសភា។ យោងតាមមាត្រាចាស់ គណៈអភិបាលរាជធានីអនុញ្ញាត ឱ្យមានចំនួន យ៉ាងច្រើន៧រូប, គណៈអភិបាលខេត្តមានចំនួនពី ៣ទៅ ៧រូប, គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពី ៣ទៅ ៥រូប។
ប៉ុន្តែការធ្វើវិសោធនកម្មថ្មី បានស្នើគណៈអភិបាលរាជធានីភ្នំពេញមានចំនួនច្រើនដល់១១រូប, គណៈអភិបាលខេត្តមានចំនួនពី៧ទៅ១១រូប, គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ទៅ ៧រូប។
មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថាការធ្វើវិសោធនកម្មមាត្រា១៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ គឺដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពនៃជីវិតរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត។