ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធបើកកិច្ចប្រជុំលើកទី៣ នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. បានបើកកិច្ចប្រជុំលើកទី៣ របស់ អ.អ.ផ. ដែលមានការចូលរួមពី មន្រ្តីពាក់ព័ន្ធ ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ក្នុងកិច្ចប្រជុំនេះគេក៏ឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ផងដែរ។
គួរបញ្ជាក់ថា អង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជា ដើម្បីដាក់ជូនក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៅពេលដ៏ខ្លីខាងមុខ ក៏ដូចជា ការត្រៀមលក្ខណៈ និង យុទ្ធសាស្រ្តក្នុងការការពាររបាយការណ៍វឌ្ឍនភាពជុំទី៩នេះ នៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយ ICRG-JG នៅចុងខែមេសា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី និងជាប្រធាន អ.អ.ផ. បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តការងារ ហើយឯកឧត្តមក៏បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា អ.អ.ផ. ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចកាលពីអំឡុងចុង ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលមានភារកិច្ចចម្បងក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ៕ដោយ៖ម៉ាដេប៉ូ