កម្ពុជា-ឥណ្ឌា អនុវត្តគម្រោងលើកកម្ពស់សហគមន៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងបង្កើត App សហគមន៍ទេសចរណ៍-អេកូទេសចរណ៍
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងចំនួន២ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។
ការចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងរវាងលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពជាសាក្សីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការអនុវត្តគម្រោងទាំងពីរនេះ គឺមានរយៈពេល១ឆ្នាំ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ក្នុងក្របខណ្ឌគម្រោងដែលមានឥទ្ធិពលលឿន ឬហៅថា Quick Impact Project (QIP) ដែលមានកិច្ចសហការជាមួយក្រសួងទេសចរណ៍។ ទឹកប្រាក់សម្រាប់អនុវត្តគម្រោងនីមួយៗនេះ គឺមានប្រមាណ៥ម៉ឺនដុល្លារក្នុងមួយគម្រោង។
លោក ជុក ជំនោរ បានពន្យល់អំពីគម្រោងទី១ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ គឺស្ថានទូតឥណ្ឌាគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចូលទៅក្នុងសហគមន៍ផាត់សណ្ដាយ ព្រមទាំងជួយរៀបចំឱ្យមាន «ផ្សារបណ្ដែតទឹក» ដែលជាផលិតផលទេសចរណ៍ថ្មីនៅក្នុងសហគមន៍អេកូទេសចរណ៍នេះ ហើយដែលនឹងផ្ដល់ផលប្រយោជន៍លឿនដល់ប្រជាសហគមន៍។
គួរជម្រាបថា សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ គឺជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែប្រសិនបើភ្ញៀវទេសចរធ្វើដំណើរពីរាជធានីភ្នំពេញ ឬខេត្តភាគខាងលិចបឹងទន្លេសាប គឺអាចធ្វើដំណើរចូលតាមតំបន់ឆ្នុកទ្រូ នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងក៏បាន។
ចំពោះគម្រោងទី២ គឺគម្រោងអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) ដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសកម្ពុជា ត្រូវបានលោក ជុក ជំនោរ ពន្យល់ឱ្យដឹងថា Mobile App នេះ គឺផ្ដោតសំខាន់លើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលវានឹងជួយផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍នៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ហើយភ្ញៀវទេសចរក៏អាចកក់កញ្ចប់ទស្សនកិច្ច ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ឬទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន ឬវិស័យឯកជនដែលលក់កញ្ចប់ទស្សនកិច្ចទៅកាន់ទៅសហគមន៍ទាំងនោះបានផងដែរ។
លោក ជុក ជំនោរ ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) ដែរនោះ បានបន្ថែមត្រង់ចំណុចនេះថា ស្ថានទូតឥណ្ឌាក៏នឹងជួយខាងផ្នែកបច្ចេកទេសរៀបចំកម្មវិធី (Program) និងមាតិកា (Content) នៃកម្មវិធីទូរស័ព្ទនេះដែរ ពីព្រោះវិស័យបច្ចេកវិទ្យាឌីជីថលរបស់ឥណ្ឌាក៏មានភាពជឿនលឿនផងដែរ ដែលអាចជួយឱ្យកម្មវិធីទូរស័ព្ទថ្មីនេះមានភាពទំនើប។
កន្លងមក ក្រសួងទេសចរណ៍មានកម្មវិធីទូរស័ព្ទ (Mobile App) ចំនួន២រួចមកហើយ គឺ App «Kingdom of Wonder» សម្រាប់ការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទេសចរក្រៅប្រទេស និង App «Travel Cambodia» សម្រាប់ការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទេសចរក្នុងប្រទេស ហើយកម្មវិធីទូរស័ព្ទថ្មីក្រោមកិច្ចសហការរវាងក្រសួង និងស្ថានទូតឥណ្ឌានេះដែរ ក៏នឹងជួយផ្សព្វផ្សាយបន្ថែមអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីជំរុញចលនាភ្ញៀវទេសចរឱ្យទៅទស្សនានៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កាន់តែច្រើន សំដៅជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍។
បើតាមលោក ជុក ជំនោរ ក្រៅពីគម្រោង QIP ទាំងពីរនេះ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា ក៏ត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «គម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍សត្វស្លាបបឹងស្នេហ៍ ខេត្តព្រៃវែង» នៅឆ្នាំបន្ទាប់នេះទៀតផងដែរ។
គួរជម្រាបថា ពាក់ព័ន្ធនឹងគម្រោងទាំង៣ខាងលើនេះ ក៏ទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិ គ.ជ.អ.អ ជាសេនាធិការ នាពេលថ្មីៗនេះផងដែរ ក្នុងនោះគណៈកម្មាធិការជាតិ គ.ជ.អ.អ ក៏បានផ្ដល់អនុសាសន៍ដល់លេខាធិការដ្ឋាន សមាជិក និងថ្នាក់ក្រោមជាតិរបស់ខ្លួន ព្រមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីអនុវត្តគម្រោងដែលមានឥទ្ធិពលលឿន (QIP) ទាំង៣នេះ៕ ចាន់ វិចិត្រ