ឯកឧត្តម ហ៊ុន ម៉ាណែត៖ តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា​ នឹងកាន់តែរឹងមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត គឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បានបញ្ជាក់ថា​ “តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹងមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀតដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។​ សូមសមាជិក សមាជិកាគណបក្សប្រាជនកម្ពុជា​ ទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេស សមាជិកសមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ 

ការបញ្ជាក់នេះ​ នៅក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២​។ 

ឯកឧត្តម ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង៣លាននាក់នៅទូទាំងប្រទេស។ សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ ហើយក្នុងរយៈពេលជាង០២ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ​ ឯកឧត្តម ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការចាត់តាំងបក្សគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវស្របតាមគោលការណ៍របស់គណបក្សថ្នាក់លើ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។ ដូច្នេះ សូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជននិងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ៕​ 

ដោយ​៖ពលជ័យ

ads banner