ព្រឹកស្អែកសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញពិនិត្យវឌ្ឍនភាពនៃសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
សៀមរាបៈ នៅព្រឹកស្អែកថ្ងៃទី៣ ខែមេសាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។នេះបើយោងតាមការបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅយប់ថ្ងៃទី២ ខែមេសានេះ។
ប្រភពដដែលបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិថ្មី នេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូណាន អ៊ីនវេសមេន ហូលឌីង( Yunnan Investment Holdings )របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០ លានដុល្លារអាមេរិក និង ត្រូវបានសាងសង់លើផ្ទៃដី៧៥០ ហិកតា។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវ រត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាងប្រាំបី ម៉ឺនម៉ែត្រការេ ដែលអាចទទួលអ្នកដំណើរប្រចាំ ឆ្នាំបានប្រមាណប្រាំពីរលាននាក់ និង ស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា តាមរយៈអាកាសយានដ្ឋានថ្មី នេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និង កម្ពុជាដែលនឹងនាំមកនូវការរីក ចម្រើនផ្នែកសេដ្ឋកិច្ច និង ជំនួសអាកាសយានដ្ឋានចាស់ ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ។មួយវិញទៀតវានឹងធ្វើឱ្យតំបន់នៅជុំវិញអាកាសយានដ្ឋាននេះមានការរីក ចម្រើនផងដែរ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអនុវត្តដោយក្រុមហ៊ុន AIAI គឺជាការវិនិយោគរួមគ្នានៃក្រុមហ៊ុនចំនួន បី៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group)ទទួលគ្រប់គ្រងនិងអនុវត្តគម្រោងទូទៅក្រុមហ៊ុនសំណង់ យូណាន (Yunnan Construction Group) ទទួលខុសត្រូវសាងសង់ និងក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋាន យូណាន (Yunnan Airport Group) ទទួលខុសត្រូវប្រតិបត្តិការ ដែលក្រុមហ៊ុន ទាំងបីនេះ ជាក្រុមហ៊ុនរដ្ឋចិន នៃខេត្តយូណាន។
ការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងសម្រេចបាន៩០ភាគរយនៅដំណាច់ ឆ្នាំ២០២២ និងបញ្ចប់ទាំងស្រុងនៅត្រឹមខែមីនា ឆ្នាំ២០២៣ ។ ក្នុងរយៈពេលប្រាំមួយខែ ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៣ គឺជារយៈពេលសំខាន់ ដែលក្រុមហ៊ុនត្រូវស្នើសុំវិញ្ញាបនប័ត្របញ្ជាក់សុវត្ថិភាព និងសន្តិសុខសម្រាប់ ឧបករណ៍និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៃអាកាសយានដ្ឋានពីស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងដំណើរការធ្វើតេស្តសាកល្បង ប្រព័ន្ធ ទាំងមូលរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅតាមនិយាមអន្តរជាតិ។
គិតមកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិនេះសម្រេចបាន ២២ភាគរយហើយ៕ដោយ៖វណ្ណលុក