ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ៖ គណបក្សរបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជន មិនដែលរត់ចោលប្រជាជនម្តងណាមួយឡើយ
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញឲ្យឃើញថាគណបក្សប្រជាជនកម្ពុជា បម្រើប្រជាជន មិនរត់ចោលប្រជាជន នៅរួមរស់រួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច។ ការលើកឡើងនេះក្នុងឱកាស ឯកឧត្តម បានចូលរួមជាមួយ ឯកឧត្តម ស ស៊ីណា អនុប្រធាន្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ទទួលបន្ទុកភូមិបឹងកាង និងស្រែមាន ដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ និងបេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សនៅតាមមូលដ្ឋានក្នុងភូមិបឹងកាង និងភូមិស្រែមៀន ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមនិងគាំទ្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រោះបានឃើញជាក់ស្តែង គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាងនយោបាយនិងមានបទពិសោធន៍ជាង៧០ឆ្នាំមក ហើយគឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះឯកឧត្តម បានបន្ថែមថាស្នាដៃធំៗរបស់គណបក្សរួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើម និងអនុវត្តនយោបាយឈ្នះៗ បញ្ចប់សង្រ្គាម នាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ហើយការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម និងបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា បន្ទាប់ពីពិធីជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សនៅតាមមូលដ្ឋាន ប្រតិភូបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាស្រ្តីមេម៉ាយ និងជនពិកា ចំនួន៣គ្រួសារ និងបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន៕ ដោយ / គ្រី សម្បត្តិ