មេបញ្ជាការកងទ័ពជើងគោកជួបជាមួយមេបញ្ជាការរងកងទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងកងទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ក្នុងឱកាសនៃការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបនេះ មេបញ្ជាការរងកងទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។
ជាការឆ្លើយតប ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន ឯកឧត្តម មេបញ្ជាការកងទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាមផងដែរ។
គួរបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរតែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមកដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម៕
ដោយ៖ពលជ័យ