មេបញ្ជាការកងទ័ពជើងគោកកម្ពុជាទទួលជួបគណៈប្រតិភូយោធាវៀតណាម (Video Inside)
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ គណៈប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាលសម្តែង ការគួរសម។
ជំនួបនារសៀលថ្ងៃទី៥ ខែមេសាជាមួយនឹងវរសេនីយ៍ឯក ឡេ អាញ់ទន់ និង ក្រុមគណៈប្រតិភូ បាន ធ្វើនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ មន្ត្រីកងទ័ពជើងគោគបានថ្លែងថាជំនួបសំណេះសំណាលនេះ គឺជាការសម្តែងក្តីគួរសម និងជូនពរឆ្នាំថ្មីរបស់គណៈប្រតិភូវៀតណាម នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបាន កោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍ ប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ។
លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការ ចំណាយពេលវេលាដ៏មានតម្លៃរបស់គណៈប្រតិភូដែលបានមកចូលរួមជូនពរឆ្នាំថ្មី និងបាន ផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះមេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ផងដែរ។