រថយន្តស៊េរីទំនើបបុកគូទរថយន្តកូរ៉េដឹកផ្លែដូង ខណៈកំពុងឈប់ដូរកង់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនឹងស្ត្រីជនជាតិចិនម្នាក់ទៀតបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿងជ្រុលទៅបុករថយន្តកូរ៉េដឹកផ្លែដូង កំពុងឈប់ដូរកង់ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នកដំណើររងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅ ស្ថិតក្នងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់ពីតៃកុងរថយន្តដឹកផ្លែដូង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម2A-1393 បានដឹកផ្លែដូងចេញពីខេត្តកំពត មកចូលក្រុងភ្នំពេញ ដើម្បីយកទៅឲ្យម៉ូយនៅម្ដុំផ្សារទួលគោក ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តរបស់គាត់បានបែកកង់ខាងក្រោយខាងស្ដាំទើបរូបគាត់ឈប់រថយន្តដើម្បីដូរកង់ ខណៈដូរកង់រថយន្តរួចរាល់ហើយ រូបគាត់ក៏បានរៀបចំអីវ៉ាន់ដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-1028 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនិងស្ត្រីជនជាតិចិនម្នាក់ទៀត ធ្វើដំណើរមកពីក្រោយបានជ្រុលចង្កូតទៅបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល បន្ទាប់មកពួកគាត់នាំគ្នាបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា





