សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ:កាលពីរសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកស្រី Paunline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មអាណត្តិការងារនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើមនៃជំនួប សម្តេចក្រឡាហោម ស ខេង ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមគណៈកម្មការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការនានានៅក្រោមឆ័ត្រអង្គការសហប្រជាតិដែលបានផ្តល់កិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាមួយក្រសួងមហាផ្ទៃ និងជាមួយអង្គការពាក់ព័ន្ធនានា។

សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមដែរថា ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ ប្រទេសកម្ពុជាបានទទួលលទ្ធផលគួរជាទីស្ងប់ស្ងែងចំពោះការបង្ការទប់ស្កាត់ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចចាត់ទុកថានេះជាជោគជ័យមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែក និងការជួយគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោកស្រី Paunline Tamesis បានសម្តែងនូវអំណរគុណចំពោះ ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ព្រមជាមួយអង្គការនានា ដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះលោកស្រីក៏បានជម្រាបផងដែរថា វត្តមាននៃជំងឺកូវីដ១៩គឺបានបង្ហាញឱ្យឃើញនូវកត្តាជាច្រើនដែលបានរួមចំណែកធ្វើឱ្យការងារនេះជោគជ័យ ដែលរួមមានសាមគ្គីភាពរវាងសកលលោកទាំងមូលក្នុងការរួបរួមគ្នាដោះស្រាយនូវភាពអាសន្ន ដោយឡែក ផ្ទៃក្នុងប្រទេសក៏បង្ហាញឱ្យឃើញពីការសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការខិតខំដោះស្រាយបញ្ហាប្រឈមនៃជំងឺរាតត្បាតនេះ។

ឆ្លៀតឱកាសនោះដែរ លោកស្រី ក៏បានបង្ហាញពីការកត់សម្គាល់នូវព័ត៌មានសំខាន់ៗ ដែលសហគមន៍បានចូលរួមសហការយ៉ាងជិតស្និត ពីសំណាក់អាជ្ញាធរមូលដ្ឋានលើការដោះស្រាយបញ្ហាសុខមាលភាពសង្គម និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកំណត់នូវអត្តសញ្ញាណជនងាយរងគ្រោះបានសមស្របនឹងទាន់ពេលវេលា។

លោកស្រី Paunline Tamesis ក៏បានបន្ថែមទៀតថាអង្គការសហប្រជាជាតិក៏បានសហប្រតិបត្តិការយ៉ាងជិតស្និត ជាពិសេសក្រសួងមហាផ្ទៃក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ១៩ លើការងារការពារជនជាប់ឃុំព្រមទាំងការជួយដល់ពលរដ្ឋទេសន្តោប្រវេសន៍ពីការវិលត្រឡប់ចូលមកក្នុងប្រទេស ដោយការងារនេះ លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះការរួចចំណែករបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការខិតខំដោះស្រាយបញ្ហានោះបានយ៉ាងល្អប្រសើរ។

នៅក្នុងជំនួបនេះដែរ លោកស្រី Paunline Tamesis ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ថា អង្គការសហប្រជាជាតិ បន្ដប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានាដោយធ្វើយ៉ាងណា បន្ស៉ីយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប ចំពោះការលើកឡើងពាក់ព័ន្ធទៅនឹងចំណុចអាទិភាព សម្ដេចក្រឡាហោម បានលើកទឹកចិត្តបន្ដខិតខំអនុវត្តគម្រោងនានា ដែលកំពុងអនុវត្តជាមួយគ្នានូវគម្រោងមិនទាន់បញ្ចប់។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ សូមឱ្យបន្ដអនុវត្តឱ្យបាន និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសលើការងារគាំពារដល់ស្ដ្រី និងកុមារ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានជម្រាបជូន លោកជំទាវ ថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសកម្មភាពសំខាន់ៗ ក្នុងផែនការរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២នេះ គឺផ្ដោតទៅលើការបន្ដផ្ទេរសិទ្ធិអំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងសាធារណជនជាមួយនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

សម្ដេចក្រឡាហោម ក៏បានស្នើថា សូមឱ្យអង្គការសហប្រជាជាតិ បន្ដពិនិត្យទៅលើផែនការ ១០ឆ្នាំដំណាក់កាលទី២នេះ ដើម្បីអាចផ្ដល់ការគាំទ្រទៅលើផ្នែក ឬសកម្មភាពណាមួយ នៃផែនការជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២នេះ។

សម្ដេចក្រឡាហោមក៏បានជម្រាបជូនលោកជំទាវបន្ថែមថា ទោះបីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ យើងគិតថា ជាកិច្ចការងារមួយថ្មី សម្រាប់ប្រទេសកម្ពុជា ក៏ប៉ុន្ដែនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ដេច បានមើលឃើញនូវវឌ្ឍនភាពលើការងារនេះ ហើយតាមការសង្កេតមើលឃើញថា ប្រជាពលរដ្ឋកាន់តែយល់ដឹងបានច្រើន និងផ្ដល់ការគាំទ្រក្នុងការចូលរួមបានកាន់តែច្រើន ផងដែរ៕
ដោយៈរ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner