សម្ដេចតេជោ ហ៊ុន សែន ៖ ការលើកកម្ពស់ផលិតផល ក្នុងស្រុក ជាការរួមចំណែកដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃសង្គមជាតិ
ភ្នំពេញ ៖ តាមសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ៩មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ផលិតផលក្នុងស្រុក ជាការរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិ ដើម្បីធានាកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយ ចីរភាព។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការលើកយកប្រធានបទដ៏មានសារៈសំខាន់នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជន រួមជាតិទាំងអស់ឱ្យគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍និងការរីក ចម្រើន នៃសង្គមជាតិយើង ជាពិសេស ក្នុងបរិបទបច្ចុប្បន្នដែលកម្ពុជាក៏ដូចជា ពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សម្តេចតេជោ បានបន្តថា ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំកន្លងមក ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់នៅតាមទីសាធារណៈនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រជាពលរដ្ឋយើងនិងភ្ញៀវបរទេសដែលរស់នៅឬកំពុងធ្វើទេសចរណ៍នៅកម្ពុជា បានឃើញ ពីភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារិម។ល។ ប៉ុន្តែការបន្តរំលឹកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមស្របដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។
សម្តេចតេជោ បានបន្តទៀតថា ឈរលើសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំង សម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺ ឆ្លងពីឋានៈជាប្រទេសដែលមាន ចំណូលទាបទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធ ឡូជីស្ទិក ទាំងផ្នែកទន់និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះ បណ្តាលជំនាញទាំង ផ្នែករឹងនិងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុ និង វិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌអាទិភាពដ៏ទូលំទូលាយ និងជាសក្តានុពលប្រកប ដោយគុណភាព និងតម្លាភាព សម្រាប់ទាក់ទាញការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ៕
ដោយៈ វណ្ណលុក