ឯ.ឧ ថេង ច័ន្ទសង្វារ ចុះសួរសុខទុក្ខនាយទាហាន ពលទាហាននៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ឆ្នាំ២០២២ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ នាព្រឹកថ្ងៃអង្គារ ៤កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ០៥ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្ដម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំប្រតិភូក្រសួងចុះសួរសុខទុក្ខ នាយទាហាន-ពលទាហាន នៅបញ្ជាការដ្ឋាន យោធភូមិភាគ៣ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។
ក្នុងនាមនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានយោធភូមិភាគ៣ ឯ.ឧឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគ៣ បានបង្ហាញពីក្តីកតញ្ញូកតវេទីយ៉ាងជ្រាលជ្រៅជូនចំពោះឯ.ឧឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានយកចិត្តទុកដាក់ចាត់តាំងប្រតិភូមកកាន់បញ្ជាការដ្ឋានយោធភូមិភាគ៣ក្នុងគោលបំណងចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ដែលកាយវិការនេះបង្ហាញអោយឃើញច្បាស់អំពីស្មារតីយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់នាយទាហានពលទាហានទាំងអស់។
ឯ.ឧឧត្តមសេនីយ៍ឯកយឿង សុខុន បានបង្ហាញពីការកោតសរសើរនិងថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ស្ថាប័នសម្ព័ន្ធមេត្រីភាពផ្សេងទៀតនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលតែងតែបានជួយឧបត្ថម្ភជ្រោមជ្រែងទាំងស្មារតីនិងសំភារះថវិកាដល់អង្គភាពសំរាប់ទុកបំពេញតំរូវការផ្សេងៗសំរាប់ពង្រឹងខឿនការពារជាតិអោយកាន់តែរឹងមាំ។
ដើម្បីឆ្លើយតបនូវគុណូបការះនេះ ក្នុងនាមនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានយោធភូមិភាគ៣ ឯ.ឧឧត្តមសេនីយ៍ឯក បានប្តេជ្ញាថានឹងខិតខំអោយបានដាច់ខាតនូវសុខសន្តិភាព ការពារអោយបាននូវច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ការពារអោយបាននូវបាវចនាគឺជាតិ សាសនា ព្រះមហាក្សត្រ និងការពារអោយបាននូវរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ការពារអោយបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យភាពតាមបណ្ដោយព្រំដែនដែលយោធភូមិភាគ៣ទទួល ខុសត្រូវព្រមទាំងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដើម្បីរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ធ្វើអោយតំបន់ព្រំដែនមានសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការល្អនិងការអភិវឌ្ឍ។
ក្នុងឱកាសនោះ ឯ.ឧថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងឯ.ឧឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថាក្រសួងបានចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគ៣អស់រយះពេលជាង១០ឆ្នាំមកហើយដែលពេលនេះឯ.ឧសង្កេតឃើញថាបរិវេណអង្គភាពនេះមានសោភណ្ឌភាពនិងមានការរីកចំរើនគួរអោយកត់សំគាល់នូវសមិទ្ធិផលនានាសំរាប់បំរើអោយវិស័យការពារជាតិស្របតាមបំណងប្រាថ្នារបស់ស្ថាប័នសម្ព័ន្ធមេត្រីភាព។
ឯ.ឧបានអបអរសាទរចំពោះសមិទ្ធិផលនានាដែលអង្គភាពបញ្ជាការដ្ឋានយោធភូមិភាគ៣សំរេចបាននិងបានលើកទឹកចិត្តដល់អង្គភាពអោយខិតខំប្រឹងប្រែងបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានជោគជ័យបន្ថែមទៀត។ជាមួយនេះឯ.ឧបានលើកឡើងអំពីការដោះស្រាយនិងយុទ្ធសាស្រ្តចតុកោណប្រកបដោយភាពជោគជ័យក្នុងការទប់ស្កាត់ក៏ដូចជាការព្យាបាលនិងការចាក់វ៉ាក់សាំងនៅក្នុងយុទ្ធសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីត១៩។
បើគ្មានយុទ្ធសាស្រ្តនេះទេនោះយើងទាំងអស់គ្នាក៏មិនអាចមានលទ្ធភាពមកជួបជុំគ្នានាពេលនេះនិងក៏មិនអាចជួបជុំគ្នាសប្បាយរីករាយប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះបានដែរហើយសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងការផ្សារភ្ជាប់ទំនាក់ទំនងផ្សេងៗនឹងជួបនូវការលំបាក។
បន្ទាប់មកឯ.ឧថេង ច័ន្ទសង្វារ ក៏បានប្រគល់ថវិកាឧបត្ថម្ភរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជូនដល់យោធិនសរុប920នាក់ក្នុងម្នាក់ៗ10ម៉ឺនរៀលនិងឧបត្ថម្ភដល់បញ្ជាការដ្ឋានយោធភូមិភាគ៣នូវថវិកា10លានរៀល សរុបអស់ថវិកា 102លានរៀលផងដែរ។