លោក ពូទីន៖ រុស្ស៊ីនឹងប្រយ័ត្នប្រយែង ក្នុងការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រទេសអមិត្ត
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារថ្លែងថា ប្រទេសរបស់លោកនឹងមានភាពប្រុងប្រយ័ត្នបន្ថែមទៀតនៅឆ្នាំនេះ ក្នុងការនាំចេញស្បៀងអាហារ ជាពិសេសទៅកាន់ប្រទេសដែល កំពុង បន្តគោលនយោបាយអរិភាពចំពោះទីក្រុងម៉ូស្គូ។
លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំគាំទ្រវិស័យកសិកម្មរបស់ ប្រទេសរុស្ស៊ីថា នៅឆ្នាំនេះ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃកង្វះ ខាត ស្បៀងអាហារជាសាកល យើងនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែម ទៀត ក្នុងការផ្គត់ផ្គង់ស្បៀងអាហាររបស់យើងនៅបរទេស ពោលគឺត្រូវត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវប៉ារ៉ាម៉ែត្រ នៃការនាំចេញទាំងនេះទៅកាន់ប្រទេសដែលមានអរិភាពយ៉ាងច្បាស់ចំពោះយើង។
ទន្ទឹមគ្នានេះ លោក ពូទីន បានអះអាងថា ការកើនឡើងនៃបរិមាណ ផលិតកម្មធ្វើឱ្យវាអាចធានាបាននូវតម្លៃម្ហូបអាហារនៅក្នុងប្រទេសរុស្ស៊ី ទាបជាងនៅលើទីផ្សារពិភពលោក។ ភាពគ្រប់គ្រាន់នៃអាហារ ខ្លួនឯង គឺជាគុណសម្បត្តិប្រកួតប្រជែងរបស់រុស្ស៊ី ហើយប្រទេស រុស្ស៊ី ត្រូវតែការពារប្រជាជនរបស់ខ្លួន ពីការប្រែប្រួលតម្លៃនៅក្នុង ទីផ្សារ អាហារពិភពលោក ខណៈដែលរុស្ស៊ីជាប្រទេសនាំចេញ ស្រូវសាលីធំជាងគេរបស់ពិភពលោក។
ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា ក្នុងអំឡុងឆ្នាំ កសិកម្ម ចុងក្រោយដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ប្រទេសរុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិចំនួន ៤៩លានតោន រួមទាំងស្រូវសាលីចំនួន ៣៨,៤លានតោនផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា



