ទីបំផុត! ឆ្មាំជាតិអ៊ុយក្រែនដណ្តើមគ្រប់គ្រងរោងចក្រថាមពល នុយក្លេអ៊ែរ ឆឺណូប៊ីល ពីរុស្ស៊ីមកវិញ
កៀវ៖ ឆ្មាំជាតិអ៊ុយក្រែននៅថ្ងៃអង្គារថ្លែងថា កងពលរបស់ខ្លួនបាន ទៅដល់ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល Chernobyl (NPP) ហើយបានគ្រប់គ្រងសន្តិសុខ របស់រោងចក្រ នេះ។
ឆ្មាំជាតិអ៊ុយក្រែនបានបង្ហោះសារនៅលើហ្វេសប៊ុក ថា ភារកិច្ច ចម្បង របស់ឆ្មាំជាតិនៅទីតាំង ឆឺណូប៊ីល Chernobyl (NPP) គឺការធានាសន្តិសុខ និងការការពារកន្លែងនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការការពាររូបវន្តនៃសម្ភារៈនុយក្លេអ៊ែរ។
ឆ្មាំជាតិអ៊ុយក្រែនបន្តថា សុវត្ថិភាពនៃទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់ខ្លួន នឹងត្រូវបានត្រួតពិនិត្យដោយកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន។
ទាហានរុស្ស៊ីដែលបានគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល របស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ បានចាក ចេញពីរោងចក្រនេះកាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ។
សូមរំលឹកផងដែរថា រោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល ដែលមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រភាគខាងជើង នៃ ទីក្រុងកៀវ របស់អ៊ុយក្រែន ធ្លាប់បានទទួលរងនូវឧបទ្ទវហេតុ នុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា


