ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារយេនឌ័រ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយជូនគ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ១៨គ្រួសារ
ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ១៨គ្រួសារ ដែលរស់នៅជុំវិញទីតាំងបន្ទាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រច័ន្ទមុន្នី ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅចំពោះគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅគ្រប់ទីកន្លែង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមក ដល់នៅពេលខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារអតីតយុទ្ធជន និងក្រុមគ្រួសារកងទ័ពទាំងអស់ ត្រូវអរគុណសន្តិភាព នឹងត្រូវថែរក្សាការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន ឱ្យនៅគង់វង្សជារៀងរហូត និងបានអំពាវនាវដល់យោធិន គ្រួសារយោធិន គ្រួសារយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តនៅវិធានការការពារទប់ស្កាត់ការឆ្លងជំងឺ covid-19 ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន ។
អំណោយត្រូវបានឧបត្ថម្ភជូនក្នុងមួយគ្រួសារអង្ករ ២៥គីឡូក្រាម មីជាតិមួយកេស ឃីដមួយកញ្ចប់ ក្រុមគ្រួសារ ដែលបានទទួល អំណោយ បានអំណរគុណ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និង លោក ជំទាវ និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែជួយដោះស្រាយ នូវរាល់ការលំបាក និងសូមគោរពជូនពរឲ្យមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ៕
ដោយ ប៊ុន រដ្ឋា






