ឯកឧត្តម សេង ទៀង មានប្រសាសន៍ថាគម្រោងដីឡូតិ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីក្រុង
កំពង់ធំ ៖ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជានាយករងខុទ្ទកាល័យ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងលក់ដីឡូត៍ សម្រាប់លំនៅដ្ឋានផ្ទះល្វែង វីឡា បុរី ក្នុងគម្រោងវិនិយោគទាំងនេះពិតជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីក្រុង ដែលធ្វើឲ្យទីក្រុងមានហត្ថារចនាសម្ព័ន្ធកាន់តែប្រសើរបន្ថែមទៀត ដូចជាផ្លូវដែលមានស្តង់ដារ សាលារៀន សួនបៃតង កន្លែងក្មេងលេង កន្លែងកីឡាហាត់ប្រាណ អាងហែលទឹក អាគារពាណិជ្ជកម្ម ភោជនីយដ្ឋាន ផ្សារទំនើបផ្សារសហគមន៍ ផាប់ស្រីត ហ្វូតស្រីត ជាដើម ។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកម្មវិធីបើកលក់គម្រោងបុរី សុខសាន្ត ៨៨៨ ជាផ្លូវការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្លូវវាងក្រុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តមបានបន្តទៀតថា ដើម្បីឱ្យអតិថិជនមានការជឿជាក់ សូមម្ចាស់គម្រោងទាំងអស់ត្រូវគោរពច្បាប់ និង ធ្វើតាមគំនូរប្លង់គម្រោង ឲ្យបាន ១០០% ដូចជាសំណង់ត្រូវមានភាពរឹងមាំ គុណភាពល្អ ផ្លូវថ្នល់ធំទូលាយ គិតគូរប្រព័ន្ធលូ និង ប្រព័ន្ធអគ្គិសនី។ល។ ជាពិសេសម្ចាស់គម្រោងទាំងអស់ត្រូវចេញលិខិតប័ណ្ណ(ប្លង់រឹង) ដោយស្របច្បាប់ជូនដល់អតិថិជន ឬប្រជាពលរដ្ឋ ដែលមកជាវ និង ទិញគម្រោងធ្វើយ៉ាងណាបង្កលក្ខណៈឱ្យពួកគាត់មានភាពងាយស្រួល។
លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ថ្លែងថា សម្រាប់គម្រោងបុរីសុខសាន្ត ៨៨៨ គឺជាគម្រោងវិនិយោគមួយធំជាងគេក្នុងក្រុងស្ទឹងសែនដែលអភិវឌ្ឍន៍លើផ្ទៃដីប្រមាណជាង ២២ហិតា ម្យ៉ាងទៀតក្រុងស្ទឹងសែនមានផែនការកំណត់យកសេនារីយ៉ូសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទីក្រុងចំនួន ៥ដែលអាចមានកំណើនសេដ្ឋកិច្ចខ្ពស់
១/មជ្ឈមណ្ឌលស្នូល(កណ្តាលក្រុង) ៖រដ្ឋបាល និង អភិបាលកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូនចម្បង។
២/មជ្ឈមណ្ឌលរណបខាងជើង៖ រដ្ឋបាល មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័ន មជ្ឈមណ្ឌលដឹកជញ្ជូនរង។
៣/មជ្ឈមណ្ឌលរណបខាងត្បូង៖ តំបន់តាំងទីលំនៅ ការអភិវឌ្ឍន៍ចម្រុះ។
៤/មជ្ឈមណ្ឌលជនបទខាងត្បូង៖ តំបន់តាំងទីលំនៅតម្លៃសមរម្យ មជ្ឈមណ្ឌលកសិ-កម្មពាណិជ្ជកម្ម។
៥/មជ្ឈមណ្ឌលជនបទខាងលិច៖ តំបន់តាំងទីលំនៅតម្លៃសមរម្យ មជ្ឈមណ្ឌលកសិ-ពាណិជ្ជកម្ម ៕
ដោយ ប៊ុន រដ្ឋា



